WebNovels

ទាយាទផ្កាយព្រឹក វគ្គ១ - មន្តស្នេហ៍ស្រីអ្នកបម្រើ

Srakraham
42
chs / week
The average realized release rate over the past 30 days is 42 chs / week.
--
NOT RATINGS
1k
Views
VIEW MORE

Chapter 1 - មណ្ឌលកុមារកំព្រា

នាងជាផ្កាយមួយដួង(ផ្កាយព្រឹក) 

នាវេលាទាបភ្លឺផ្កាយព្រឹកចាប់ផ្តើមរះ ទឹកសន្សើមធ្លាក់ចុះ ព្រោងព្រាតនៅលើផែនពសុធា អ្នកគ្រប់គ្នាដែលនៅក្នុងមណ្ឌលកុមារកំព្រាចាស់ជរាមួយ បានឮសម្លេងទារកយំ ...ង៉ា...ង៉ា... ចេញពីក្រៅរបងនៃមណ្ឌលនោះ។ មនុស្សម្នាបានចេញមកពីផ្ទះទាំងព្រឹកព្រហាម ដើម្បីចង់ដឹងអំពីដើមហេតុនៃសម្លេងទារកយំនោះ តើនរណាដាច់ចិត្តយកទារកមកបំបរបង់ចោលទីនេះ? នារីម្នាក់ដែលជាអ្នកគ្រប់គ្រងនិងមើលការខុសត្រូវក្នុងមណ្ឌលកុមារកំព្រាដ៏តូចនោះ ក៏បានឃើញដុំក្រណាត់មួយពណ៌ក្រហមរុំជាដុំដើម្បីរក្សាកម្តៅឲ្យទារក។ នាងរត់ទៅទាំងសស្រាក់សស្រាន់សម្តៅទៅកាន់ទារកនោះ។ នារីប្រើអញ្ជលីទៅលើកបីទារកដ៏កំសត់។ នៅលើដងខ្លួន និងមុខទារកប្រឡាក់សុទ្ធតែឈាមពណ៌ក្រហមច្រាល មិនសក្តិសមជាទារកដែលមានជីវិតសោះ។ នារីលើកបីនិងបំពេរលួងលោមទារកនេះ ដើម្បីធ្វើឲ្យគេមានអារម្មណ៍កក់ក្តៅតទល់និងភាពត្រជាក់នៃអ័ព្វនិងសន្សើមពេលព្រឹកដ៏ក្រាស់ខ្មឹកបាន «កុំយំណា៎! កុំយំណា៎! ខ្ញុំនៅទីនេះហើយ ឯងមិនបាច់ខ្លាចទេ!» នាងលួងលោមប្រលោមបីទារករហូតដល់ទារកបាត់យំ។ កែវភ្នែកខ្មៅៗសម្លឹងមកចាំងឆ្លាស់ផ្លាតនិងពន្លឺនៃដួងតារាដែលរះបំភ្លឺនាពេលព្រឹកធ្វើឲ្យមនុស្សម្នាដែលខំរត់ស្ររមកមើលទាំងកាន់ចង្កៀងម្នាក់ៗសម្លឹងមកទារកម្នាក់នេះទាំងក្តីអាណិតអាសូរ «តើទារកនេះកើតអ្វីបានជាខ្លួនប្រឡាក់សុទ្ធតែឈាមបែបនេះ?» «តើនរណាដាច់ចិត្តធ្វើរឿងសាហាវឃោរឃៅដាក់ក្មេងបែបនេះ?» មនុស្សគ្រប់គ្នាដែលបានឃើញលាន់មាត់គ្រប់ៗគ្នាទៅតាមគំនិតរៀងៗខ្លួនរបស់ពួកគេ។ ចំណែកឯស្ត្រីដែលកំពុងបីទារកនៅនិងដៃ គេបានលើកក្រណាត់ដែលរុំទារកនោះចេញដើម្បីពិនិត្យមើលភេទរបស់ទារក ទើបដឹងថា ទារកនេះជាក្មេងស្រី។ នារីឱបទារកនៅក្នុងដៃ ហើយស្រដីទាំងក្តីអាណិតអាសូរ៖«ឲ្យខ្ញុំសុំទោសដែលឯងត្រូវមកជួបនិងវាសនាបែបនេះ!» នាងសម្លឹងមើលទៅលើមេឃ ដួងតារាពេលព្រឹករះបញ្ចេញពន្លឺដ៏ស្រស់ស្អាត ថ្វីត្បិតតែវាសនារបស់ក្មេងស្រីម្នាក់នេះងងឹតដូចជាពេលព្រឹកព្រហាមបែបនេះ ប៉ុន្តែក្នុងវេលាដែលងងឹតបំផុត ក៏ជាពេលដែលពន្លឺអាចបញ្ចេញមកច្បាស់និងស្រស់ស្អាតបំផុតដែរ។ នារីញញឹមដោយក្តីសង្ឃឹម «ក្មេងស្រីម្នាក់នេះ នឹងមានពន្លឺស្រស់ស្អាតនៅក្នុងពេលដ៏ងងឹត នាងគឺជាផ្កាយមួយដួង ដែលនឹងបញ្ចេញពន្លឺដោយខ្លួនឯង»។ ក្មេងស្រីដ៏កំសត់នោះ ក៏ត្រូវបានដាក់ឈ្មោះថា «នួង» ដែលជាពាក្យគ្រឡាស់មកពីពាក្យថា «នាងជាផ្កាយមួយដួង» ជា «នួងជាផ្កាយមួយដៀង»។

(ដើមដូង)

ពេលវេលាចេះតែកន្លងទៅ ពេលនេះនាងតូចនួងចម្រើនវ័យក្នុងអាយុ15ឆ្នាំហើយ។ នៅទីធ្លានៃមណ្ឌលដែលមានវាលស្រែស្មៅដុះខៀវខ្ចី ជាកន្លែងសម្រាប់ក្មេងមកលេងកម្សាន្ត ឬលេងបាល់បោះជាដើម មិនឆ្ងាយពីនោះប៉ុន្មាន មានក្មេងស្រីម្នាក់ សក់របស់នាងខ្មៅររលោងស្រិលចងទៅក្រោយវែងត្រឹមចង្កេះកំពុងបក់ផាយផាត់តាមខ្យល់វាយោរដែលបក់មកយ៉ាងរំហើយនាវេលារសៀលគងថ្ងៃ។ នារីតូចកំពុងអង្គុយតែម្នាក់ឯង កែវភ្នែកដ៏មានពន្លឺមានសណ្ឋានដូចស្រៈអិ រួមទាំងមានឆ្អឹងចញ្ចើមខ្ពស់ជាមួយនិងត្របកភ្នែកពីរជាន់សម្បូរសាច់គ្រប់ដណ្តប់ដ៏គួរឲ្យស្រលាញ់របស់ក្មេងស្រីវ័យ១៥ឆ្នាំម្នាក់នេះ គេកំពុងសម្លឹងមើលទៅពពកដែលហោះចេញជារូបរាងផ្សេងៗនៅលើមេឃដែលចាំងច្រាលទៅដោយពណ៌មាសនាវេលាព្រះអាទិត្យជិតអស់ស្តង់គត់។ បបូរមាត់ក្រពុំរបស់នាងញញឹមឡើង នៅពេលដែលក្រលេកឃើញរូបរាងសត្វផ្សេងៗនៅលើមេឃដែលនាងគិតថាកំប្លែង ផ្ទៃមេឃដ៏ស្រស់ត្រកាល ប្រែក្លាយទៅជាផ្ទាំងទស្សនីយភាពមួយសម្រាប់ក្មេងស្រីដ៏ឯកាម្នាក់នេះ។ នាងតូចនួងលើកអញ្ជលីដែលមានសម្បុរពណ៌លឿងទឹកឃ្មុំប្រសព្វនិងម្រាមដៃធាត់វែងៗដូចដង្កូវដាក់តម្រៀបគ្នាទាំងប្រាំជាមួយនិងក្រចកដែលកាត់ត្រងិលអស់ៗ នាងតូចលើកវាឡើងមកមើល ហើយព្យាយាមស្រមៃថាប្រសិនបើគេអាចនឹងប៉ះរូបភាពទាំងអស់នោះបាន ផ្ទាំងទស្សនីយភាពដែលស្ថិតនៅលើមេឃ ផ្ទាំងទស្សនីយភាពធម្មជាតិ ដែលក្មេងក្រីក្រដូចជានាងមើលជំនួសឲ្យទូរទស្សន៍និងឧបករណ៍ឆ្លាតវៃជាច្រើនទៀត ដែលនាងគ្មានសំណាងបានប្រើនិងគេ។ ច្រមុះតូចទាលមានខ្ទង់របស់នាង ព្យាយាមស្រូបយកខ្យល់អាកាសបរិសុទ្ធដែលជាកាដូពីមាតាផែនដី និងចំហាយក្លិននៃសេរីភាពដែលថ្ងៃនេះគ្មាននរណាមករំខានពេលវេលាផ្ទាល់ខ្លួនរបស់នាង ៖«ហា៎... សេរីភាព! ខ្ញុំស្រលាញ់ពេលវេលាបែបនេះណាស់!» ក្នុងសម្លៀកបំពាក់អាវសនិងមានប្រឡាក់អាចម៌អណ្តើមខ្មៅអុជៗដែលជាឯកសណ្ឋានពាក់មកជាច្រើនឆ្នាំតគ្នាមកហើយ ជាមួយនិងសំពត់វ៉ាល់ពណ៌ខៀវមានសភាពញក់ញីស្ទើរតែមើលលែងឃើញភ្លី នាងតូចនួងលើកដៃត្រដាងឡើង ទទួលយកអារម្មណ៍រស់រវើកពីខ្យល់ធម្មជាតិ។ ថ្វីបើការនៅម្នាក់ឯងបានធ្វើឲ្យនាងតូចមានអារម្មណ៍សប្បាយចិត្ត តែក្នុងពេលជាមួយគ្នានេះដែរ អារម្មណ៍ដ៏ឯកាក៏បានចូលមកដល់។ នួង ប្រែពីទឹកមុខដ៏រំភើបរីករាយ មកជាស្រងូតស្រងាត់ពេលដែលនឹកឃើញដល់រឿងដែលគេគ្មានមិត្តភក្តិជិតដិតណាម្នាក់យល់ព្រមមកលេងនិងគិតអ្វីប្លែកៗតែម្នាក់ឯងបែបនេះទេ។ នារីសម្លឹងទៅដើមដូងប្រេងមួយដើមនៅក្បែរនោះ ហើយនិយាយ៖«ឯងជាមិត្តភក្តិរបស់យើង ដើមដូង ប៉ុន្តែ ហេតុអីក៏ឯងឆាប់ធំម្ល៉េះ?»។ នាងតូចនួងដើរទៅកាន់ដើមដូងមួយដើមដែលមានកម្ពស់មិនខ្ពស់ប៉ុន្មានត្រឹម២ម៉ែត្រពីដី។ ដៃដ៏តូចស្រឡូនរបស់នាងក៏បានក្រសោបទៅឱបដើមដូងនោះពេញមួយរង្វង់ដៃដូចជានាងអាចទទួលភាពកក់ក្តៅបន្តិចបន្តួចពីដើមដូងនោះអញ្ចឹង។ ពិតមែនហើយ! នាងតូចនួងបិទភ្នែក ហើយស្រមៃថា ប្រសិនបើដើមដូងនេះជាមនុស្ស នោះគេនិងមានមិត្តល្អម្នាក់ហើយ។ អារម្មណ៍កក់ក្តៅបន្តិចបន្តួច ទោះបីជាវាមិនមែនបានមកដោយមនុស្ស ប៉ុន្តែនាងតូចម្នាក់នេះ តែងចាត់ទុករបស់ជុំវិញខ្លួន មិនថាដើមឈើ សត្វចាប សត្វចិញ្ចឹមនានា មិនថាមាន់ ឬក៏ទា មេអំបៅឬកន្ទុំរុយ នាងនិយាយជាមួយទាំងអស់។ មិត្តភក្តិដ៏ជិតស្និទ្ធិបំផុតក្នុងជីវិតនាង គឺខ្លួនឯង។ ក្រៅពីគ្មានមិត្តភក្តិដែលយល់ចិត្តច្រើនហើយ នាងតូចថែមទាំងមិនចូលចិត្តក្នុងការរាប់អានមិត្តនិងលេងជាមួយក្មេងៗដទៃថែមទៀត។ គេតែងឃើញនួងលេងម្នាក់ឯង និយាយម្នាក់ឯង និងនៅម្នាក់ឯងជាជាងចូលរួមជាមួយក្មេងៗដទៃ។ មិនតែប៉ុណ្ណោះ នាងជាក្មេងដែលមានអត្តចរិតមិនចេះរញ៉េរញ៉ៃតាំងពីតូច ដែលគ្មានក្មេងណាម្នាក់អាចចូលទៅលេងរបស់នាងបាននោះទេ! ហើយនាងតូចម្នាក់នេះ ក៏មិនចូលចិត្តប៉ះពាល់របស់ណាដែលមិនមែនជារបស់ខ្លួនឡើយ។ អត្តចរិតបែបនេះ ធ្វើឲ្យក្មេងៗដទៃខ្លាចនាងជាជាងចូលចិត្តនាង។ ប៉ុន្តែផ្ទុយពីការដែលគ្មានញាតិមិត្តរាប់រក នាងតូចនួងត្រូវបានគេស្គាល់ថា ជាក្មេងដែលឆ្លាតនិងរៀនពូកែ គិតគូរហ្មត់ចត់ មានគំនិតច្នៃប្រឌិត និង មានរូបារម្មណ៍ច្រើន។ នាងមានរបៀបនៃការរៀនខុសពីក្មេងដទៃ ហើយតែងប្រើរូបភាពផ្សេងៗសម្រាប់ជាថ្នូលក្នុងការចងចាំពាក្យឬរូបមន្តដែលគ្រូបង្រៀន។ តែក្នុងចំណោមគុណសម្បត្តិដែលនាងមាន គុណវិបត្តិក៏មកដំណាលគ្នា។ នួង ត្រូវបានស្គាល់ថា ជាក្មេងទំនើង រឹងរូស និងមិនចេះស្តាប់នរណាឡើយ ហើយជាពិសេសមនុស្សដែលនាងគិតថាល្ងង់ជាងនាង មនុស្សដែលគ្មានហេតុផល និងមនុស្សដែលចូលចិត្តធ្វើអ្វីដដែលៗនិងមានគំនិតអភិរក្សនិយម។ ថ្វីបើត្រូវជាក្មេងដែលគេស្គាល់ថា​ ជាក្មេងឆ្លាត តែនាងតូចម្នាក់នេះមិនដែលគិតថាវាជាការសរសើរឡើយ នាងតែងតែគិតថា មនុស្សគ្រប់គ្នាមានចំណុចរួមមួយដែលនាងមិនយល់ ព្រោះបើមានក្មេងម្នាក់ពូកែខាងអ្វីមួយ ចៀសមិនផុត គេនិងធ្លាក់ចុះសមត្ថភាពខាងអ្វីមួយវិញ។ ក្មេងស្រីម្នាក់នេះ មានគំនិតគិតគូរវែងឆ្ងាយតាមទស្សនៈវិជ្ជាតាំងពីតូច ទើបធ្វើឲ្យនាងលេងជាមួយនិងក្មេងដទៃទៀតមិនសូវចុះសម្រុងនិងគ្នា ព្រោះការអភិវឌ្ឍន៍ផ្នែកខួរក្បាលរបស់នាងឆាប់ធំពេញវ័យជាជាងក្មេងដទៃ។ ភាពឯកានិងការមិនយល់ ធ្វើឲ្យនាងតូចក្លាយទៅជាក្មេងម្នាក់ដ៏ឯកា។

 (Nuong has grown up as a teenager now; with her black long hair, Hooded eyes, Button nose, full lips, oval faces, dark brown eye, honey beige skin tone)។ទឹកមុខដ៏ពូកែឆ្ងល់និងស្រមើលស្រមៃរបស់នាង ឃើញហើយនឹងឆ្ងល់ថា តើក្មេងម្នាក់នេះមានគំនិតអ្វីថ្មីទៀតហើយ? ពិតមែនហើយ! ក្មេងស្រីតូចរបស់យើង ជាមនុស្សដែលមិនសូវចេះមាត់ច្រើន និងចូលចិត្តនៅម្នាក់ឯង ប៉ុន្តែក្នុងពេលជាមួយគ្នានេះ នាងជាក្មេងស្រីដែលឆ្លាតនិងវាងវៃ ហើយពូកែឆ្ងល់ច្រើន និងមានសំនួរមិនចេះចប់មិនចេះហើយ។ 

(ដាវីយ៉ា)

ក្នុងមណ្ឌលនោះគឺមានក្មេងត្រឹមតែម្ភៃទៅសាបសិបនាក់ប៉ុណ្ណោះ ហើយនួងប្រៀបដូចជាសិស្សច្បងសម្រាប់ពួកគេអញ្ចឹង។ សម្រាប់ការសិក្សា គឺក្មេងៗត្រូវបានបង្រៀនផ្ទាល់នៅមណ្ឌលរហូតដល់ថ្នាក់ទី៦ ហើយដល់វិទ្យាល័យគឺពួកគេត្រូវទៅរៀននៅសាលារដ្ឋ។ ដោយសារតែមណ្ឌលនេះខ្សត់ខ្សោយ និងខ្វះថវិការ ដូច្នេះក្មេងៗគ្រប់គ្នាត្រូវជួយធ្វើការងារហត្ថាកម្មផ្សេងៗដើម្បីជួយរកចំណូលដល់មណ្ឌល។ នួងវិញនាងបានរៀននៅវិទ្យាល័យតែត្រឹមថ្នាក់ទី៨តែប៉ុណ្ណោះ ហើយនាងក៏ឈប់ទៅរៀនទៀតទៅ ទោះបីអ្នកគ្រូវាយនាងម្តេចក៏ដោយ។ នាងតូចនួងចូលចិត្តការទៅសាលារៀនមានមិត្តភក្តិច្រើន​ តែនាងមិនចូលចិត្តច្បាប់ទម្លាប់ច្រើនពេកទេ ដែលត្រូវឲ្យនាងធ្វើតាមហើយមិនសួរនាំបាន។ ម្យ៉ាងវិញទៀត ការទៅរៀនសាលានាសម័យនេះ គឺតម្រូវឲ្យចូលរៀនគួរ ព្រោះគ្រូមួយចំនួនឆ្លៀតរកចំណូលពីខាងក្រៅហើយមិនសូវរវីរវល់នឹងកិច្ចការបង្រៀននៅសាលារដ្ឋប៉ុន្មានទេ។ ទាំងច្បាប់ទម្លាប់ផង ទាំងការរកលុយក្រៅផង នួងក៏សម្រេចចិត្តឈប់រៀន ហើយជួយអ្នកគ្រូរកប្រាក់ដោយការលក់ហត្ថាកម្ម ដែលរបស់ធ្វើពីដៃវិញ។ ថ្ងៃមួយក្មេងស្រីម្នាក់ ឈ្មោះ ដាវី ធ្លាក់ខ្លួនឈឺយ៉ាងខ្លាំង ហើយវាជាជម្ងឺកាចសាហាវទៀត ខាងមណ្ឌលក៏បានអំពាវនាវដល់សប្បុរសជនក្នុងការរៃអង្គាស ប៉ុន្តែទោះយ៉ាងណាក៏មិនគ្រប់ថ្លៃព្យាបាលរបស់នាងដែរ។ 

នាងតូចនួង កំពុងចងអំបោសជក់ត្នោតបណ្តើរដកដង្ហើមធំបណ្តើរ ព្រោះមិនដឹងថាត្រូវជួយដល់អ្នកគ្រូ និង ដាវី​ យ៉ាងម៉េច។ ក្មេងស្រីជំទង់ម្នាក់ទៀតដែលអង្គុយក្បែរនាង ក៏សួរទៅទាំងដៃកំពុងរង្វៃអំបោះចងបណ្តើរ៖

 " ឯងពិបាកចិត្តរឿងអីនួង?" ក្មេងស្រីម្នាក់ឈ្មោះ ធូ លីនដា សួរ។

នួង​៖ " ឯងដឹងស្រាប់ហើយ! គឺយើងមិនសប្បាយចិត្តទេ នៅពេលដែលឃើញ ដាវី ឈឺបែបនេះ។"

ដា៖ " គ្មាននរណាសប្បាយចិត្តទេ។ ពួកយើងគ្រប់គ្នាព្យាយាមអស់ពីសមត្ថភាពហើយ!"។ ថាហើយនាងក៏ឈប់និយាយ ហើយផ្តោតទៅលើការងារនាងបន្ត។

នួងនៅស្ងៀមបន្តិច រំពៃគិតម្នាក់ឯង។ រួចសម្លឹងមើលទៅលីនដាទាំងកែវភ្នែកងឿងឆ្ងល់ ហើយក៏ស្រដី៖ " អស់សមត្ថភាព?!"។ នារីបន្ត៖ " ខ្ញុំគិតថាមិនត្រូវនោះទេ។ សមត្ថភាព... សមត្ថភាពរបស់មនុស្សគ្មានដែនកំណត់។ ពួកយើងមិនទាន់ប្រើអស់ពីសមត្ថភាពនោះទេ! យើងនឹងរកវិធីដើម្បីជួយ អ្នកគ្រូ និង ដាវី ឲ្យបាន។ មិនថាវាពិបាកយ៉ាងណាទេ យើងគ្មានថ្ងៃឲ្យមនុស្សដែលយើងស្រលាញ់ចាកចោលយើងទៀតទេ។" និយាយហើយនួងក៏បែរមុខចេញពីលីនដា ហើយសម្លឹងទៅទីធ្លា។ ចំណែកឯលីនដា ក្មេងស្រីដែលធំឡើងក្នុងមណ្ឌលជាមួយគ្នាបើកភ្នែកធំៗ។ ក្រៅពីការស្ងប់ស្ងាត់ និងភាពឆ្លាតវៃ នួង ក៏ជាក្មេងស្រីម្នាក់ដ៏មុះមុតផងដែរ។ ប្រហែលមកពីការធំឡើងដោយគ្មានឪពុកម្តាយ ទើបធ្វើឲ្យនាងក្លាយទៅជាមនុស្សរឹងរូសបែបនេះ ហើយតាំងពីតូចមកគឺនាងមិនដែលចេះខ្លាចនរណាឡើយ ក៏មិនដែលត្រូវនរណាមកវាយធ្វើបាបបានដែរ ព្រោះនាងតែងតែរឹងមាំនិងក្រោកឈរតតាំងនិងជីវិតជានិច្ច។

ថ្ងៃមួយពេលដែលនួងដើរតាមផ្លូវ នាងក៏បានជួបនឹងក្មេងស្រីម្នាក់ជំទង់ម្នាក់ដែលធ្លាប់រស់នៅក្នុងមណ្ឌលជាមួយគ្នា។ តែពេលនេះ នាងស្លៀកពាក់ស្រស់ស្អាត ស្បែកជើងកែងចោទពណ៌ក្រហម សំពត់ខ្លី និងអាវស ហើយដើរចុះពីលើឡានសេរីទំនើបថែមទៀត។ នាងមានរូបរាងស្រឡូន ជើងវែងៗ ដងខ្លួនល្វត់ល្វន់ កម្ពស់ប្រហែម ១,៦ម៉ែត្រ សប្បុរសណ្តែកបាយ និងមានសក់ហាយឡាយពណ៌ផ្កាឈូក និងលឿង។ នាងតូចនួងក៏លាន់មាត់ហៅ «សម្ផស្ស!» ។ នារីក៏បែរមក ឃើញថាគឺជានួង នាងក៏ញញឹមហើយដើរមកនិយាយជាមួយនួងយ៉ាងស្វាហាប់។

សម្ផស្ស៖ " អ្ហេស៎ នួង!" នារីបន្ត " ឯងមកពីណាហ្នឹង? ហេតុអីក៏ចេញមកខាងក្រៅ? មិនទៅរៀនទេ?!"

នួងញញឹម ហើយតប៖​ " ខ្ញុំឈប់រៀនហើយ! ខ្ញុំមកពីរកការងារធ្វើ"

សម្ផស្សសម្លឹងទៅនាងតូចវ័យ15ឆ្នាំរូបនេះទាំងចម្ងល់ ៖ " ឯងមិនទាន់គ្រប់អាយុផង តើឯងទៅរកការងារឯណាធ្វើ?"

នួង៖ " កាលពីបងចេញពីមណ្ឌល បងក៏មិនទាន់គ្រប់អាយុដែរ។ បង បងខ្ញុំតែ៣ឆ្នាំប៉ុណ្ណោះ"។ នួងបន្តសម្លឹងមើល សម្ផស្ស ហើយក៏សួរបន្ត " ចុះពេលនេះបងទៅរស់នៅឯណាដែរ?"។

សម្ផស្ស៖ " អូ គឺនៅម្តុំនេះដែរទេ។ និយាយអញ្ចឹង តើឯងកំពុងរកការងារអ្វីធ្វើ? ហើយមានគេទទួលយកឯងដែរ?"

នាងតូចនួងអោនមុខចុះ ហើយដកដង្ហើមធំ។ នាងគ្រវីក្បាល។ សម្ផស្ស ឃើញបែបនេះក៏សួរបន្ត៖ " នៅមណ្ឌលមានរឿងអីមែនទេ?"

នួង៖ " ដាវី ឈឺធ្ងន់ ហើយអ្នកគ្រូគ្មានលុយគ្រប់គ្រាន់ដើម្បីព្យាបាលគេទេ!"

«ដាវី?!» សម្ផស្សឧទាន។ ការពិតសម្ផស្សនិងដាវីគឺត្រូវជាបងប្អូនជាដូនមួយជាមួយគ្នា តែសម្ផស្សគេធំជាង ហើយដាវីទើបតែមានអាយុ ៦ឆ្នាំប៉ុណ្ណោះ។ ដោយសារតែសម្ផស្សសម្រេចចិត្តចេញពីមណ្ឌលមុន ដូច្នេះគេមិនសូវបានទៅលេងមណ្ឌលនោះឡើយ។

នួង៖ " តើបងមានស្គាល់កន្លែងការងារអ្វីដែលគេអាចទទួលយកក្មេងមិនទាន់គ្រប់អាយុដូចខ្ញុំបានទេ?"

សម្ផស្ស អែរអង់បន្តិច ព្រោះការងារដែលនាងស្គាល់នោះមិនមែនជាការងារល្អឡើយ។ ក៏ប៉ុន្តែ តើគួរជួយនួងឬអត់នោះគឺជាសំណួរដែលមិនអាចមិនឆ្លើយបាន។ សម្ផស្ស គិត «បើសិនជាជួយនាងក៏ដូចជាជួយដាវីដែរ តែ...»។ នារីបែរមកសួរនាងតូចនួងវិញ៖

 " ឯងត្រូវការលុយប៉ុន្មាន? នួង?"

នួងមិនបង្អង់យូរក៏ឆ្លើយទៅភ្លាម៖ " ដប់លាន!"

﹏♥ « « « ❀ » » » ✿ « « « §❀§ » » » ✿ « « « ❀ » » » ♥﹏