WebNovels

Chapter 9 - កេរ្តិ៍ឈ្មោះមិនស្អាត

(ការចេញពីអង្គការរស់ឡើងវិញ)

អស់រយៈពេលប៉ុន្មានខែក្រោយពីបានជួបជាមួយនិង អាណាតាសៀ ជេកសិន​ នៅតែរង់ចាំមើលចំពោះហេតុការណ៍នៅខាងមុខ។ ថាតើ ការគំរាមពីអង្គការនឹងមានអ្វីកើតឡើង? គ្មាននរណាម្នាក់ដឹងថា អង្គការ នោះ ជាអង្គការអ្វីនោះទេ! គេដឹងត្រឹមថា វាជាអង្គការមួយដែលស្ថិតក្រោមការការពាររបស់រុស្ស៊ី ហើយវាគឺជាprojectមួយដែលត្រូវបានបង្កើតឡើងអស់រយៈពេលជាងសាមសិបឆ្នាំទៅហើយ។​ "The Organization of Latter Day Resurrection" គឺជាឈ្មោះពេញរបស់អង្គការមួយនោះ។ ប៉ុន្តែ វាមិនត្រូវបានបើកបង្ហាញជាសាធារណៈនោះទេ។ ហើយ ជេកសិន គឺជាគ្រូពេទ្យពិសោធន៍ម្នាក់ដែលបានធ្វើការនៅទីនោះ។ ក្នុងការពិសោធន៍ អង្គការយកយកសាកសពសត្វនិងមនុស្ស ដើម្បីទៅធ្វើការពិសោធន៍ថ្នាំម្យ៉ាងដែលពួកគេរកឃើញ ដែលវាមានអនុភាពអាចធ្វើឲ្យជីវិតដែលស្លាប់អាចរស់ឡើងវិញបាន។ ពីដំបូង ជេកសិន គិតថា វាជាគម្រោងដ៏ល្អមួយ ព្រោះវាអាចជួយមនុស្សបានជាច្រើន។ " Anastasia " មានន័យថា " ការរស់ឡើងវិញ" វាត្រូវបានដាក់ឲ្យសាកសពនារីម្នាក់ដែលបានយកទៅពិសោធហើយទទួលបានជោគជ័យជាលើកទីមួយ។ នាងគឺជាមនុស្សទីមួយ ដែលបានរស់ឡើងវិញពីសេចក្តីស្លាប់។ ប៉ុន្តែ ក្រោយមកទៀត ទើបជេកសិនសង្កេតឃើញថា គ្រប់ជីវិតដែលរស់ឡើងវិញទាំងប៉ុន្មាន នោះមិនមែនល្អដូចជាគេធ្លាប់បានគិតពីមុនឡើយ។ ពួកគេក៏មិនខុសអីពីសត្វចិញ្ចឹមរបស់ឌុកទ័រ Klein ដែលជាឌុកទ័រនិង​ប្រធាននៃមណ្ឌលពិសោធន៍ទាំងមូលនោះទេ។ ពួកគេត្រូវផឹកឈាមជាអាហារ ដើម្បីធ្វើឲ្យបេះដូងរបស់គេលោតបន្តជារៀងរាល់ថ្ងៃ ចរិតរបស់គេក្លាយទៅជាកាចសាហាវឃោរឃៅ ហើយត្រូវស្តាប់តាមបញ្ជារបស់អង្គការទាំងអស់។ ពួកគេគ្មានការគិតផ្ទាល់ខ្លួននោះទេ ព្រោះការគិតរបស់ពួកគេត្រូវបានបញ្ជាដោយDNAដែលបានបញ្ចូលឲ្យពួកគេដោយអង្គការ។ រាល់គំនិតរបស់ពួកគេ គឺទៅលំនាំតែមួយ នោះគឺដើម្បីអង្គការ។ គ្រប់សំណើរដែលអង្គការបញ្ជូនឲ្យមកសុទ្ធតែល្អ សុទ្ធតែត្រឹមត្រូវ ហើយត្រូវតែបំពេញឲ្យអង្គការ។ កាលដែលបានឃើញបែបនេះ ជេកសិន ក៏មានគំនិតជំទាស់ ហើយគេក៏បានលាឈប់ពីមណ្ឌលពិសោធន៍នោះ។ ប៉ុន្តែ វាហាក់ដូចជាប្រលែងជាមួយភ្លើងអីចឹង។ ឌុកទ័រ Klein មិនដែលឲ្យមនុស្សដែលមានសមត្ថភាពចេញឆ្ងាយពីគេដោយងាយស្រួលបែបនេះទេ! ថ្ងៃមួយដែល ក្រុមគ្រួសាររបស់ ជេកសិន មានគ្រោះថ្នាក់ ពួកគេត្រូវបានបញ្ជូនទៅកាន់មណ្ឌលពិសោធទាំងបីនាក់។ ឌុកទ័រ ​Klein បានជួយជីវិត ជេកសិន ឲ្យរស់ឡើងវិញ ដោយប្រើថ្នាំរស់ឡើងវិញដែលពួកគេពិសោធបានជោគជ័យជាមួយគ្នា។ ប៉ុន្តែប្រតិកម្មនៃថ្នាំនោះ គឺនៅពេលដែលអ្នកដែលត្រូវពិសោធដឹងខ្លួនឡើងវិញភ្លាម ពួកគេនឹងមានប្រតិកម្មដូចជាសត្វសាហាវដែលស្រែកឃ្លាន ហើយអ្វីដែលពួកគេដឹងនោះ គឺពួកគេឃ្លាន ហើយពួកគេត្រូវការឈាម ឈាម! ឈាម! ពួកគេគ្មានសតិក្នុងខ្លួននោះទេក្នុងកំឡុងពេលដំបូងដែលគេបានរស់ឡើងវិញនោះ។ រឿងដែលជាវិប្បដិសារីបំផុតនៅក្នុងជីវិតរបស់គេ ក៏បានកើតឡើងនៅថ្ងៃនោះ។ នៅថ្ងៃនោះ ប្រពន្ធនិងកូនរបស់ជេកសិន មិនត្រូវបានស្លាប់ពីការក្រឡាប់ឡាននោះទេ ពួកគេត្រូវបានសង្គ្រោះបន្ទាន់ពីអង្គការ ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំរស់ឡើងវិញនោះទេ។ រីឯស្ថានភាពរបស់ជេកសិនវិញ គេបានស្លាប់បាត់ទៅហើយ! បេះដូងរបស់គេលែងដើរ ហើយគ្រឿងក្នុងរបស់គេ សួត ថ្លើម ប្រម៉ាត់ ដើមទ្រូង ត្រូវបុកយ៉ាងខ្លាំងរហូតសង្គ្រោះលែងបាន។ វិធីចុងក្រោយដែលមាន គឺមានតែប្រើថ្នាំរស់ឡើងវិញប៉ុណ្ណោះ។

(ឪពុកដ៏ឃោរឃៅ)

នៅក្នុងបន្ទប់សង្គ្រោះសម្រាប់ជេកសិន គេកំពុងដេកយ៉ាងស្តូកស្តឹងនៅលើគ្រែ។ កូនស្រីនិងប្រពន្ធរបស់គេ ឈរមើលតាមជញ្ជាំងកញ្ចក់ពីខាងក្រៅទាំងសោកសៅ។ រង់ចាំ ជេកសិន​ ដឹងខ្លួនឡើងវិញ។ ម៉ាស៊ីនស្ទង់បេះដូង នៅតែលោតថេរស្មើរ ឯឈាមក៏នៅតែបញ្ចូលជាបន្ត។ ឌុកទ័រ Klein ឈរនៅក្បែរប្រពន្ធនិងកូនរបស់ជេកសិន គាត់គោះស្មារបស់ ម៉ីអឺ ហើយនិយាយ៖ " ជេកសិន គេជាមនុស្សល្អ ព្រះនឹងតាមថែរក្សាគេមិនខាន"។ ថាហើយ ឌុកទ័រ ក៏ដើរចេញទៅ។ នាងតូចដែលជាកូនស្រី ក៏បានសួរទៅម្តាយ៖ " ម៉ាក់! ពេលណាទើបប៉ាដឹងខ្លួនវិញ?"។ នារីជាម្តាយញញឹមទាំងទឹកភ្នែកទៅកូន៖ " បន្តិចទៀតប៉ានឹងដឹងខ្លួនឡើងវិញហើយ"។ ប៉ុន្មានម៉ោងក្រោយមក ខ្សែនៃចរន្តបេះដូងក៏ចាប់ផ្តើមរើបឡើងជារលកៗបន្តិចម្តងៗ សម្លេង«តឺត ៗ ៗ» ដែលជាសញ្ញានៃចង្វាក់បេះដូងក៏បានឮឡើង។ ម្តាយកូនទាំងពីរដែលរៀបនឹងដើរចេញទៅហើយក៏បានត្រលប់មកវិញ។ ក្មេងតូច ជិងយិង សប្បាយចិត្តខ្លាំងណាស់ ពេលដែលឃើញប៉ាៗរបស់គេចាប់ផ្តើមកម្រើកដៃ ៖ " ម៉ាម៉ា! ប៉ាប៉ា ដឹងខ្លួនហើយ!" នាងតូចក៏ប្រញ៉ាប់រត់ទៅកាន់ច្រកទ្វារ​នៃបន្ទប់នោះ។ ទ្វារនោះមានលក្ខណៈពិសេសម្យ៉ាង ដែលអ្នកដែលនៅពីខាងក្រៅអាចចូលទៅបាន បើទោះបីជាគ្មានក្រយ៉ៅដៃក៏ដោយ តែចំណែកឯអ្នកពីខាងក្នុងមិនអាចចេញមកខាងក្រៅបាននោះទេបើគ្មានក្រយ៉ៅដៃឬកាត ឬគ្មានអ្នកនៅខាងក្រៅចាំជួយ។ ក្មេងស្រីតូចមិនដឹងខ្យល់អី រុញទ្វារយ៉ាងតថេះតថះចូល។ គេត្រេកអរជាខ្លាំងពេលដែលបានឃើញប៉ាគេ កម្រើក។ នារីក៏ចូលទៅតាមកូនខាងក្នុងប៉ុន្តែត្រូវបុគ្គលិកនៅមន្ទីរពិសោធន៍ឃាត់៖ " អ្នកនាងមិនអាចចូលទៅផ្តេសផ្តាសបានទេ!"។ នារីតប៖ " ប៉ុន្តែកូនស្រីខ្ញុំនៅខាងក្នុង! មិនអីទេ! ខ្ញុំគ្រាន់តែចូលទៅយកកូនខ្ញុំមកវិញតែប៉ុណ្ណោះ។" ឮដូច្នោះ បុគ្គលិកនោះក៏លែងឃាត់នាងហើយអនុញ្ញាតឲ្យចូលទៅយកកូននាងចេញមក ដោយមានគេចាំបើកទ្វារឲ្យ។ ម៉ីអឺ ចូលទៅលើកកូនមកពរនឹងដៃ៖ " ប៉ាៗនឹងដឹងខ្លួនវិញ តែ ជិងយិង ត្រូវធ្វើខ្លួនជាក្មេងល្អសិនណា៎! ស្តាប់អ្នកម៉ាក់ នោះប៉ានឹងសប្បាយចិត្ត"។ ក្មេងស្រីតប៖ " តែម៉ាក់! ប៉ាៗបើកភ្លែកហើយ!"។ គ្រាន់តែឮបែបនេះ នារីបើកភ្នែកធំៗ បែរសម្លឹងមើលទៅប្តីនាងដែលកំពុងដេកនៅលើគ្រែ។ កែវភ្នែករបស់គេមានប្រសីពណ៌សដូចជាត្រីស្ងោរ ដូចជាសាកសពដែលស្លាប់អស់រយៈពេលយូររហូតប្រស្រីភ្នែកឡើងស្រអាប់។ ដូចជាខ្មោចដែលគ្មានវិញ្ញាណទៀតអញ្ចឹង។ នាងតូចនៅបន្តសួរ៖ " ហេតុអីបានជាភ្នែកប៉ាប៉ាពណ៌សបែបនេះអញ្ចឹងម៉ាក់?"។ នារីដឹងថាសភាពការណ៍មិនសូវស្រួល នាងក៏ប្រញ៉ាប់ពរកូនរត់ចេញទៅក្រៅជាប្រញ៉ាប់។ ប៉ុន្តែគួរឲ្យសោកស្តាយ! ខ្មោចឆៅនោះ មានសកម្មភាពលឿនជាងមនុស្សធម្មតាដល់ទៅ១០ដង។ ជេកសិន ឈរនៅចំពោះមុខនារីនិងក្មេង គេចាប់គ្រវាត់អ្នកទាំងពីរទៅម្ខាង ហើយចាប់ផ្តើមបឺតឈាមប្រពន្ធរបស់គេមុន។ ចំណែកបុគ្គលិកឃើញបែបនោះក៏ចុចសញ្ញាគ្រោះថ្នាក់បន្ទាន់ដើម្បីសុំជំនួយ។ នារីជាម្តាយប្រាប់កូនឲ្យរត់ចេញទៅ តែក្មេងតូចនៅតែយំមិនទៅ ហើយស្រែកហៅ៖ " ម៉ាៗ!ប៉ាៗ! ប៉ាៗ កុំធ្វើបាបម៉ាៗអី! ជិងយិង ខុសហើយ!" ក្មេងតូចនៅតែគិតថាគេជាប៉ារបស់ខ្លួន ហើយស្រែកយំសុំអង្វរសាកសពដែលទើបតែរស់ឡើងវិញម្នាក់នេះ ទាំងគេមិនដឹងខ្លួនទេថា ពេលនេះ​ មនុស្សដែលនៅពីមុខគេនេះ មិនមែនជាប៉ារបស់គេឡើយ។ តែជាខ្មោចឆៅដែលស្រែកឃ្លានឈាមតែប៉ុណ្ណោះ។ កាមេរ៉ា បានថតជាប់រាល់សកម្មភាពទាំងអស់ដែលបានកើតឡើងនៅក្នុងបន្ទប់នោះ។ ជេកសិន បានសម្លាប់ប្រពន្ធនិងកូនរបស់គេដោយផ្ទាល់ដៃ គេហែកស៊ីកូនរបស់គេដូចជាសត្វខ្លាហែកស៊ីចំណីរបស់ខ្លួន។ ឈាមប្រឡាក់ពេញក្នុងបន្ទប់ ខ្ទាតទៅគ្រប់ទីកន្លែង។ កូនស្រីជាទីស្រលាញ់ ដែលគេតែងតែបីបាច់ ថែរក្សា ត្រូវបានស្លាប់យ៉ាងអណោចអធមជាទីបំផុត។ ខ្លួនប្រាណរបស់នាងតូចដាច់ចេញជាផ្នែកៗ។ ជេកសិន ខាំផ្តាច់ក្បាលរបស់កូនគេ ហើយហត់ឈាមដែលបាញ់ចេញមក ដៃរបស់គេខ្វះយកបេះដូងក្មេងមកដាក់ក្នុងមាត់ទំពារ និងខាំផ្តាច់ដៃនិងជើងរបស់ជិងយិងយកមកស៊ីសាច់ថែមទៀត។ ម៉ីអឺ ដែលមិនទាន់ផុតដង្ហើមនៅឡើយត្រូវសម្លឹងមើលរូបដ៏ឃោរឃៅដែលប្តីរបស់ខ្លួនកំពុងស៊ីកូនរបស់ពួកគេយ៉ាងព្រៃផ្សៃ «កុំ!កុំអី​ ជេកសិន!»​ ទឹកភ្នែករបស់ស្ត្រីជាម្តាយស្រក់មកដូចទឹកភ្លៀងតែខ្លួនបែរជាធ្វើអ្វីមិនបាន ព្រោះត្រូវបានបឺតឈាមស្ទើរអស់ពីខ្លួនទៅហើយ សូម្បីតែកំរើកខ្លួនក៏មិនបានដែរ។ រូបភាពចក្ខុរបស់គេស្រវ៉ាងបន្តិចម្តងៗ ហើយជីវិតដ៏កំសត់របស់គេក៏ត្រូវបានផុតទៅនៅពេលនោះ។ នៅពេលដែល ឌុកទ័រ Klein និងអ្នកដទៃទៀតមកដល់ អ្វីៗបានហួសពេលអស់ទៅហើយ។ ពេលដែលជេកសិនដឹងខ្លួនឡើងវិញ កែវភ្នែករបស់គេក៏ប្រែពីពណ៌សទៅជាពណ៌ស្វាយ។ គេចាប់ផ្តើមមានសតិឡើងវិញ ហើយអ្វីដែលគេឃើញគឺសុទ្ធតែឈាមពណ៌ក្រហមប្រឡាក់ពេញខ្លួនរបស់គេ ដៃរបស់គេ និងមុខរបស់គេ។ នាយសម្លឹងមើលជុំវិញខ្លួនទាំងចម្ងល់ ហើយក៏បានឃើញប្រពន្ធរបស់គេដេកស្លាប់នៅក្បែរនៅក្បែរនោះ ដោយករបស់នាងប្រឡាក់សុទ្ធតែឈាម។ ជេកសិន ក៏ប្រញាប់ទៅលើកប្រពន្ធឡើងដោយភិតភ័យ៖ " ម៉ីអឺ! មានរឿងអីកើតឡើង ហេតុអីក៏អូនក្លាយជាបែបនេះ?" ។ ស្របពេលជាមួយគ្នានោះ គេក៏បានឃើញពោះវៀនពូតាំងនៅក្បែរខ្លួនគេ នាយក៏រឹតតែភិតភ័យជាខ្លាំង គេថយខ្លួនទៅក្រោយ តែអ្វីដែលគួរឲ្យតក់ស្លុតបំផុតនោះ គឺគេឃើញក្បាលរបស់កូនស្រីគេនៅក្នុងថ្លុកឈាម ដៃនិងជើងរបស់នាងដាច់រប៉ាត់រប៉ាយ។ ជេកសិន គ្រវីក្បាលហើយស្រែកយំ៖ " ទេ!ទេ!មិនអាចទៅរួចទេ! ខ្ញុំមិនបានធ្វើវាទេ! ខ្ញុំមិនបានធ្វើវាទេ! ខ្ញុំមិនបានធ្វើទេ!" បុរសស្រែកទ្រហោរយំហើយខ្ទប់ត្រចៀករបស់គេ គ្រវីក្បាលដូចមនុស្សឆ្កួត៖ " ជិងយិង! ឲ្យប៉ាសុំទោស! ប៉ាគ្មានចេតនាទេ ជិងអឺ! ឲ្យប៉ាសុំទោស!"...។

តាំងពីពេលនោះមក គេមិនដែលលើកលែងទោសឲ្យខ្លួនឯងនោះទេ។ គេជាឪពុកដ៏អាក្រក់បំផុត គេចង់ស្លាប់ឲ្យបាត់ពីពិភពលោកនេះ តែគេមិនអាចស្លាប់បាន។ គេត្រូវរស់ជាមួយនិងស្រមោលបន្លាចនេះជារៀងរហូត។

(អ្នកជម្ងឺគ្រោះថ្នាក់ចរាចរណ៍)

ពេលដែលគេនឹកឃើញដល់រឿងនេះម្តងៗ គេមានអារម្មណ៍សោកសៅយ៉ាងខ្លាំង។ បុរស អង្គុយយ៉ាងស្រងូតស្រងាត់នៅទីធ្លាសួនច្បារនៃមន្ទីរពេទ្យ ប៉ុន្តែគេមិនអាចឲ្យទឹកភ្នែករបស់គេហូរតែផ្តេសតែផ្តាសបាននោះទេ។ ការរស់ឡើងវិញបានធ្វើឲ្យគេមិនចាស់ទៅតាមអាយុរបស់គេ តែក៏មិនមែនមានន័យថា គេជាមជ្ឈិមវ័យទៀតដែរ។ 

ពិសាល ដើរកាត់នោះឃើញគ្រូរបស់គេ ក៏ប្រុងដើរទៅរកនិយាយលេងជាមួយ ក៏ប៉ុន្តែត្រូវកាត់ដំណើរដោយគិលានុបដ្ឋាយិការម្នាក់មកប្រាប់គេឲ្យទៅពិនិត្យរបួសអ្នកជម្ងឺ។ " លោកគ្រូពេទ្យពិសាល! ជួយទៅពិនិត្យអ្នកជម្ងឺបន្តិចទៅ គាត់គ្រោះថ្នាក់ចរាចរណ៍" នារីនិយាយ។ ពិសាលងក់ក្បាលយល់ព្រម ហើយក៏ដើរទៅជាមួយនិងនាងទៅ។ ទៅដល់ខាងក្នុងបន្ទប់ មានអ្នកជម្ងឺជាច្រើនដេកលើគ្រែតម្រាបគ្នា​ខ័ណ្ឌចែកដោយវាំងនន នារីជាគិលានុប្បដ្ឋាយិការបង្ហាញប្រាប់ដល់ពិសាល។ ពេលដែលចូលទៅដល់ គេឃើញកម្លោះសង្ហារម្នាក់ កំពុងដេកថ្ងូរដោយជើងមានរបួសស្មងនិងក្បាលជង្គង់។ រូបរាងមុខមាត់ស្រស់ស្អាត ប៉ុន្តែបែរជាមានចរិតឆ្មើងឆ្មៃបន្តិច។ ពេលដែលគេឃើញគ្រូពេទ្យមកពិនិត្យគេក្មេងបែបនេះ នរៈក៏និយាយទៅភ្លែត៖ " គ្មានពេទ្យណាផ្សេងទេ? យកគ្រូពេទ្យទើបតែចុះស្តារបែបនេះមកពិនិត្យរបួសខ្ញុំ ចុះបើវារឹតតែមានស្ថានភាពអាក្រក់ទៅ ធ្វើយ៉ាងម៉េចទៅ?"។ ពិតមែនហើយ! ពិសាល ពិតជានៅក្មេងមែន គ្មាននរណាជឿគេថា គេមានបទពិសោធព្យាបាលអ្នកជម្ងឺនោះទេ។ ចំណែកឯបុរសម្នាក់នេះ មើលទៅគេក៏មិនចាស់ប៉ុន្មានដែរ អាយុត្រឹមតែខ្ទង់ម្ភៃជាងតែប៉ុណ្ណោះ តែមើលទៅការស្លៀកពាក់និងចរិតឫកពារបស់គេក៏ប្រហែលជាមិនមែនជាកូនអ្នកក្រដែរ។ ពិសាល នៅស្ងៀមបន្តិច ហើយក៏និយាយតបវិញ៖ " របួសរបស់លោកប្រហែលជាត្រូវកាត់ជើងចេញ..."។ " អា្ហស៎?!!" បុរសតបវិញភ្លាមៗកាត់សម្តីពិសាល។ " បើសិនជាលោកមិនព្រមប្រញ៉ាប់ឲ្យគ្រូពេទ្យពិនិត្យនៅពេលនេះទេ ខ្ញុំខ្លាចថាគ្មាននរណាអាចជួយលោកបាននោះទេ"​ ពិសាលតប។ បុរសម្នាក់នោះនៅតែចចេះដោយសួរថា៖ " ចុះឌុកទ័រផ្សេងទៀតនៅឯណា?"។ ពិសាល តបទាំងកាន់យកសៀវភៅមកសរសេរអាការៈរបស់អ្នកជម្ងឺផង៖ " គ្រូពេទ្យផ្សេងទៀតជាប់រវល់មើលអ្នកជម្ងឺផ្សេងទៀតក្រៅពីលោក។ លោកឈ្មោះអី?"។ បុរសខឹងចិត្តបន្តិចដែរ ប៉ុន្តែដោយឮថាត្រូវកាត់ជើងចេញ គេក៏មិនចង់អូសបន្លាយពេលច្រើន ម្យ៉ាងវាមិនខុសគ្នាប៉ុណ្ណានោះទេ បើគ្រូពេទ្យម្នាក់នេះមើលគេមិនជា នៅមានគ្រូពេទ្យជាច្រើនទៀត។ ចាំដល់ពេលនោះចាំគិតក៏បាន តែពេលនេះត្រូវដោះស្រាយបញ្ហាចំពោះមុខសិន។​ បុរសក៏តបទៅទាំងគំរោះគំរើយ៖ " រឹទ្ធី"។ ពិសាល៖ " សុំឈ្មោះពេញ"។ បុរស៖ " វង្ស សុវណ្ណរឹទ្ធី"។ ពិសាល ក៏សរសេរចូលក្នុងក្រដាស «វង្ស សុវណ្ណឫទ្ធី» ។ ពិសាលបន្តសួរ៖ " លោកអាយុប៉ុន្មានហើយ?"។ រឹទ្ធី ៖ " 26ឆ្នាំ"។ ពិសាល​ កត់ចូលហើយ គេក៏ចាប់ផ្តើមរៀបចំមើលរបួសឲ្យបុរស។ ខណៈពេលដែលមើលរបួសរួចហើយ ដល់ពេលដែលត្រូវរុំរបួស ពិសាល ក៏ធ្វើវាដោយផ្ទាល់ដៃ។ នរៈរុំប៉ង់ស្មង់ឲ្យបុរសយ៉ាងស្ងៀមស្ងាត់។ រឹទ្ធី ដែលមិនសូវជាពេញចិត្តនិងគ្រូពេទ្យប៉ុន្មានកាលពីមុននោះ ពេលនេះគេក៏មិនសូវប្រកាន់ប៉ុន្មានទៀតដែរ។ សម្លឹងមើលទៅគ្រូពេទ្យសង្ហារម្នាក់នេះ វាក៏មិនធ្វើឲ្យគេឈឺភ្នែកដែរមែនទេ? ស្របពេលដែលពិសាលសម្លឹងមើលទៅលើវិញក៏ប៉ះចំខ្សែភ្នែកគេ បុរសនៅស្ងៀមសម្លឹងចំប៉ុន្មានវិនាទី រួចទើបសួរ៖ " លោកទៅធ្វើអ្វីបានជារងរបួសបែបនេះ?"។ រឹទ្ធី បែរមុខចេញ គេមិនមែនរបួសតែជើងនោះទេ គេក៏របួសដៃខាងស្តាំដូចគ្នា។ ហើយពេលនេះ ដៃរបស់គេខាងស្តាំក៏ជាប់ប៉ង់ស្មង់កម្រើកមិនរួច មិនខុសពីជើងខាងឆ្វេងរបស់គេនោះទេ។ រឹទ្ធីតប៖ " ខ្ញុំមិនបានធ្វើអីទេ! គ្រាន់តែលេងកីឡាបន្តិចបន្តួច"។ ពិសាល៖ " កីឡាអ្វីទៅ? ហែលទឹក?"។ រឹទ្ធី៖ " ប្រណាំងម៉ូតូ"។ ពិសាល ដកដង្ហើមធំហើយរុំប៉ង់ស្មង់ឲ្យគេបន្ត៖ " ជូនពរឲ្យលោកប្រណាំងឈ្នះលើកក្រោយ។ ប៉ុន្មានលើកនេះ លោកត្រូវដេកពេទ្យយ៉ាងតិចណាស់ក៏មួយអាទិត្យដែរ។ តើលោកមានសាច់ញាតិណាមកមើលដែរឬទេ?"។ គ្រាន់តែឮដល់ពាក្យសាច់ញាតិភ្លាម ទឹកមុខរបស់រឹទ្ធីក៏ប្រែប្រួល បុរសប្រញ៉ាប់ឆ្លើយយ៉ាងលឿន៖ " អត់ទេ! ខ្ញុំគ្មានសាច់ញាតិទេ។ មិនត្រូវការឲ្យនរណាមកមើលថែទាំនោះទេ។ និយាយអញ្ចឹង នៅមន្ទីរពេទ្យលោកមានគិលានុប្បដ្ឋាយិការណាស្អាតៗដែរឬទេ?" បុរសសួរទៅទាំងញញឹមខ្ជឹប។ ចំណែកពិសាល ដឹងគំនិតអាក្រក់របស់បុរស គេក៏ធ្វើជានិយាយ​៖ " មានតែមនុស្សប្រុស។ មានតែពេទ្យជំនួយជាមនុស្សប្រុសទេ ដែលអាចនៅមើលថែលោកជាប្រចាំបាន។ លោកស្តាយផង!"។ រឹទ្ធី ក៏មិនប្លែកចិត្ត គេក៏បន្ត៖ " មនុស្សប្រុសក៏បាន! តែសុំនរណាដែលមិនធ្វើឲ្យខ្ញុំឈឺភ្នែកពេលមើលទៅគេណា៎ ប្រហែលលោកក៏បានដែរ"។ ឮបែបនោះពិសាលក៏បន្ថែមកម្លាំងលើការរុំកាន់តែខ្លាំង ធ្វើឲ្យរឹទ្ធីស្រែកឡើង រួចទើបគេសុំទោសជាក្រោយ។ ក្នុងចិត្តគេគិតថា មិននឹកស្មានថាអ្នកជម្ងឺរបស់ខ្ញុំជាមនុស្សស៊ីមិនរើសមុខបែបនេះទាល់តែសោះ ពិតជាហួសចិត្តមែន។ " រួចរាល់ហើយ!" ពិសាល និយាយ " ចាំខ្ញុំឲ្យគេទៅបើកថ្នាំឲ្យលោក"។ រៀបនឹងបែរទៅ រឹទ្ធី ក៏ចាប់ជាយអាវពណ៌របស់គេជាប់៖ " ឈប់!" ពិសាលបែរមកវិញ៖ " មានការអីដែរ?"។ រឹទ្ធី៖ " តាមដែលខ្ញុំចាំ ខ្ញុំស៊ីញ៉េកក់បន្ទប់វីអាយភី មិនមែនទីនេះទេ!"។ ពិតមែនហើយ! កូនអ្នកមានដូចជាគេ តើឲ្យគេមកដេកសម្រាកព្យាបាលនៅជុំគ្នាបែបនេះ គេម្តេចនឹងសុខចិត្ត? ពិសាល យល់ព្រម ហើយសន្យានឹងឲ្យគេជួយផ្លាស់ប្តូរបន្ទប់ឲ្យអ្នកជម្ងឺម្នាក់នោះ។ ពេលគេដោះស្រាយជាមួយនាយម្នាក់នោះហើយ គេក៏បានធូរចិត្តពេលដែលបានចេញមកក្រៅ។ នរៈរអ៊ូម្នាក់ឯង «រោគចិត្ត!» ហើយក៏ដើរទៅបំពេញការងារផ្សេងទៀតទៅ។

More Chapters