WebNovels

Chapter 8 - អាណាតាសៀ

គ្រូបង្រៀនដែលប៉ាទុកចិត្ត(ពិសាលជាជម្រើស)

ជេកសិន គេនៅតែមើលក្រដាសបេក្ខជនឈរឈ្មោះជាគ្រូបង្រៀនសម្រាប់កូនស្រីគេដដែល។ ដោយធុញពិបាកនិងសម្រេចចិត្តពេក បុរសក៏សម្រាកបន្តិច ខ្លួនផ្អែកទៅលើកៅអីធ្នាក់ដៃ សម្លឹងមើលទៅខាងក្រៅតាមជញ្ជាំងកញ្ចក់នៃបន្ទប់។ មនុស្សដើរទៅវិញទៅមក មានទាំងគ្រូពេទ្យ និងអ្នកជម្ងឺ និងមនុស្សទូទៅ។ នរៈដាក់ភ្នែកសម្លឹងមើលមួយត្របក់ ក៏សង្កេតឃើញពិសាលកំពុងឈរនិយាយជាមួយនិងគ្រូពេទ្យដទៃទៀត។ ជេកសិន បង្វិលកៅអីទៅវិញទៅមក ក្នុងចិត្តកំពុងគិតអ្វីម្យ៉ាងដែលមិនទាន់ច្បាស់។

ពិតមែនហើយ! គឺពិសាល! កូនសិស្សដែលគេបង្រៀនដោយផ្ទាល់។ តើមានខុសអីដែលឲ្យកូនសិស្សរបស់គេទៅបង្រៀនកូនស្រីរបស់គេបន្តទៀតនោះ។ នៅពេលល្ងាចឡើង ជេកសិន ក៏បានទៅនិយាយបញ្ចុះបញ្ចូល ពិសាល ដើម្បីស្នើរឲ្យគេទៅបង្រៀននួង។

នរៈអង្គុយនៅកៅអីទល់មុខគ្រូ។ ជេកសិន ក៏ចាប់ផ្តើមនិយាយ៖

 " ពិសាល!​ មានអីមិនល្អ ឯងជួយទៅបង្រៀន នួង បន្តិចទៅណា៎ ព្រោះមានតែឯងទេដែលគ្រូទុកចិត្ត។ ចំណែកឯងគ្រូដទៃនោះ គ្រូពិបាកទុកចិត្តណាស់!"

ចំណែកពិសាលដែលទើបតែរៀនពេទ្យបាន5-6ឆ្នាំ គេត្រូវការរៀនបន្តដូចគ្នា ដូច្នេះសំណើរនេះសម្រាប់គេ គឺមិនសូវជាល្អប៉ុន្មានទេ។ ម្យ៉ាង គេជាកូនឧកញ្ញ៉ាស្រាប់ មានលុយចាយមិនខ្វះទៅហើយ តើឲ្យទៅបង្រៀនធ្វើអីទៀត។ ​ពិសាល ព្យាយាមប្រកែកដោយសុភាពរាបសារ។ ប៉ុន្តែមិនថាយ៉ាងណា វេជ្ជបណ្ឌិត ជេកសិន ម្នាក់នេះមុខក្រាស់ណាស់ គេនៅតែទទូចសុំឲ្យ ពិសាល ទៅបង្រៀនម្តងហើយម្តងទៀត។ ដោយភាពយោគយល់ ហើយយ៉ាងណាក៏ជាគ្រូនិងសិស្សនិងគ្នាទៅហើយ ពិសាល ក៏បានយល់ព្រមនិងសំណើរនេះ។ 

(ក្នុងឡានជាមួយលោកគ្រូ)

ពេលល្ងាចមកដល់ ពិសាល ក៏បានឡើងឡានទៅជាមួយនិងវេជ្ជបណ្ឌិត ជេកសិន ពិសាល ជិះនៅកៅអីខាងមុខដែលមានជេកសិនជាអ្នកបើកឡាន។ ថ្វីត្បិតថា ជេកសិន មានអាយុ​45ឆ្នាំជាងហើយក៏ដោយ តែមុខមាត់របស់គេនៅក្មេងជាងអាយុរបស់គេពាក់កណ្តាល។ ចិញ្ចើម​ បបូរមាត់ ភ្នែក ច្រមុះ អ្វីគ្រប់យ៉ាងដែលគេមាន គឺមានអាយុកាលក្មេងជាងវ័យរបស់គេទាំងអស់។ កោតតែគេ មានមោទនភាពដែលក្លាយទៅជាប៉ារបស់នួង! ព្រោះគេមើលទៅ បើមិនដឹងអាយុរបស់គេ គ្រប់គ្នានិងគិតថា គេមិនមែនចិញ្ចឹមនួងទុកជាកូននោះទេ។ តែការមើលឃើញរបស់អ្នកដទៃសម្រាប់ជេកសិន វាមិនសំខាន់ឡើយ។ អ្វីដែលសំខាន់គឺខ្លួនរបស់គេផ្ទាល់ និងចិត្តគំនិតរបស់គេចំពោះកូនស្រីរបស់គេ។ ចំណែកឯងជេកសិនពេលនេះ គេសប្បាយចិត្តណាស់ ដែលបានបញ្ចុះបញ្ចូលពិសាលបានសម្រេច។ នៅតាមផ្លូវគេនិយាយជាច្រើន​ព្រោះក្តីរំភើបរបស់គេ។ " គ្រូដឹងថា នួងនឹងសប្បាយចិត្តមិនខានទេ! បើដឹងថាឯងជាអ្នកបង្រៀនគេ ព្រោះពួកឯងធ្លាប់ស្គាល់គ្នាស្រាប់" ជេកសិននិយាយប្រាប់ពិសាលជាច្រើនអំពីនួង ដោយមិនខ្វល់ថាគេចង់ស្តាប់ឬមិនចង់នោះទេ។ ចំណែកពិសាលវិញ នៅស្ងៀមស្តាប់គ្រូនិយាយ។ ប៉ុន្តែនៅក្នុងចិត្តរបស់គេបែរជាគិតថា «ហេតុអីបានជាលោកគ្រូចូលចិត្តនួងម្ល៉េះ? តើក្មេងស្រីម្នាក់នោះមានអីល្អទៅ​ បានជាលោកគ្រូនិយាយពីគេរហូតបែបនេះ?»។ ខណៈពេលដែលពិសាលស្ងៀមស្ងាត់ស្តាប់បង្គាប់បែបនេះ ជេកសិន ក៏និយាយអ៊ួតបន្តពីនួង៖ " ឯងដឹងទេ? នួងគេឆ្លាតណាស់!​ បង្រៀនអីក៏គេឆាប់យល់ដែរ ហើយគេចូលចិត្តសួរនាំច្រើន សួរៗទាល់តែគេបាត់ឆ្ងល់ ឬទាល់តែគ្រូឆ្លើយមិនចេញ ហើយទៅឆែក google យកមកប្រាប់គេវិញឯណោះ! គ្រូគិតថា គ្រូល្មមៗអីបង្រៀនគេមិនកើតទេ! ព្រោះគេដូចជាកូនអេលៀនអញ្ចឹង ហាសៗៗ។ ពេលនេះមានឯងទៅគឺល្អហើយ គេនឹងបានឈប់សួរគ្រូទៀត"។ ពិសាល សម្លឹងមើលទៅគ្រូរបស់ខ្លួននិយាយល្អពីនួងមិនដាច់ពីមាត់សោះ ទោះបីជាចិត្តធ្ងន់យ៉ាងណាក៏ពិបានទប់ចិត្តមិនឲ្យច្រណែនបានដែរ។ គេយកសំណួរមកសួរខ្លួនឯងថា តើលោកគ្រូធ្លាប់និយាយពីខ្ញុំល្អបែបនេះប្រាប់អ្នកផ្សេងឬអត់ហ្ន៎? ឬមានតែនួងទេ? នរៈ ថ្វីត្បិតតែខាងក្រៅខំញញឹមតបនិងគ្រូ ប៉ុន្តែចិត្តខាងក្នុងវិញ គេមិនសូវសប្បាយចិត្តប៉ុន្មានទេ។ ពេលទៅដល់ស្តុបភ្លើងពណ៌ក្រហម យានយន្តក៏ឈប់។ ជេកសិន ស្រាប់តែផ្អាកនិយាយ ខណៈពេលដែលពិសាលកំពុងសម្លឹងទៅក្រៅតាមកញ្ចក់បង្អួច។ ជេកសិន មើលទៅផ្លូវខាងមុខឃើញថាមានប៉ូលីសកំពុងឆែកយានយន្ត និង យានជំនិះ គេក៏ក្រឡេកមើលខ្លួនឯងនិងពិសាលថាធ្វើត្រូវបានច្បាប់ចរាចរណ៍ផ្លូវគោកឬនៅ? តែក៏ឃើញថា ពិសាល ជិះឡានមិនបានពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវនោះទេ។ ដូច្នេះ ជេកសិន ក៏ឈោងទៅពាក់ខ្សែក្រវ៉ាត់ឲ្យពិសាលដែលកំពុងតែមិនបានចាប់អារម្មណ៍ថាមានប៉ូលីសនៅខាងមុខ។ «ពិសាល!» ជេកសិន ឈោងខ្លួនទៅរកពិសាលស្របពេលដែលដៃកំពុងរាវរកគន្លឹះខ្សែក្រវ៉ាត់ឡាន។ ឯ ពិសាល ឮគេហៅឈ្មោះបែបនេះក៏ងាកមក តែអ្វីដែលគេឃើញ គឺខ្លួនបា្រណរបស់ជេកសិននៅជាប់ខ្លួនគេទៅហើយ! សូម្បីតែក្លិនទឹកអប់របស់គេ ក្លិនញើសរបស់គេ ក៏បង្ហើរក្លិនមកច្រមុះគេបង្កើយដែរ។ វាហាក់បីដូចជាជេកសិនកំពុងតែឱបពិសាលអញ្ចឹង។ ដំបូងគេក៏ភ្ញាក់ផ្អើលដែរ ដែលគ្រូគេមកស្និទ្ធិស្នាលនិងគេអីដល់ថ្នាក់មកឱបគេបែបនេះ​ តែដល់គិតបន្តិចទៅ ប្រហែលជាគាត់ចង់អរគុណខ្លួនដែលយល់ព្រមទៅបង្រៀនកូនស្រីចិញ្ចឹមរបស់គាត់ហើយ។ ដោយនឹកឃើញថាបែបនេះ នរៈក៏លើកដៃទៅឱបជេកសិនវិញ ទាំងស្នាមញញឹមពេញចិត្តនិងកាយវិការបែបនេះ។ ស្រាប់តែបានបន្តិច ជេកសិន​ ក៏ដាក់ខ្សែក្រវ៉ាត់ឲ្យពិសាលហើយល្មម នាយក៏ដកខ្លួនចេញមកវិញ " គ្រូដាក់ខ្សែក្រវ៉ាត់ឲ្យ នៅខាងមុខមានប៉ូលីស"។ ឯពិសាលវិញ ភាំងស្ងៀម ខ្មាសគេរកមុខទៅទុកឯណាមិនដឹង «ហ្ហិៗ...បាទ» នាយក៏ងាកមុខចេញធ្វើជាមើលទៅខាងក្រៅវិញ។ ឯជេកសិនក៏ចាប់អារម្មណ៍កាយវិការចម្លែករបស់ពិសាល រួចនាយក៏យល់ តែដើម្បីកុំឲ្យពិសាលខ្មាសគេ គេក៏ធ្វើដូចជាមិនដឹងអីដែរ។

(ប៉ាមកដល់ផ្ទះ) 

ពេលដែលទៅដល់ផ្ទះ អ្នកដែលចេញមកទទួលមុនគេ គឺក្មេងស្រីអាយុ15ឆ្នាំម្នាក់នោះហើយ។ នួងរត់ទៅទទួលជេកសិន ស្រែកហៅ «ប៉ា!ប៉ា!» នាងរីករាយជាខ្លាំងហើយក៏រត់ទៅឱបបុរស ហើយជេកសិនក៏ចាប់លើកនាងគ្រវីឡើងឱបគ្នាយ៉ាងសប្បាយ។ ពេលដែលឃើញទំនាក់ទំនងប៉ានិងកូនគេបែបនេះ ធ្វើឲ្យពិសាលរាងឆួលច្រមុះបន្តិចហើយ។ គេចុះពីលើឡានមក ឈរមើលលោកគ្រូរបស់គេនិងនួងកំពុងប្រលែងគ្នាយ៉ាងស្និទ្ធិស្នាល។ «ទើបតែបាន1ខែសោះ ហេតុអ្វីទំនាក់ទំនងពួកគេស្និទ្ធិស្នាលនិងគ្នាខ្លាំងម៉្លេះ?» ពិសាល គិតក្នុងចិត្តតែម្នាក់ឯង។ ពិសាល កាន់តែមើលប៉ាកូនគេពីរនាក់នេះ កាន់តែមានអារម្មណ៍ថារសាប់រសល់ក្នុងខ្លួន ទាំងខ្លួនគេផ្ទាល់មិនដឹងថាមកពីហេតុអ្វីនោះទេ! ដឹងត្រឹមថា ដូចជាមិនសូវពេញចិត្តនិងតថភាពនេះសោះ។ មើលទៅពេលដែល ជេកសិន ឱបនួង ដូចជាមិនសមជាប៉ានិងកូនបន្តិចសោះ។ ពិសាល ក៏និយាយកាត់ដើម្បីទាញចំណាប់អារម្មណ៍វិញ​ «លោកគ្រូ! តើខ្ញុំត្រូវបង្រៀននៅឯណាវិញ?»។ ជេកសិន ឮហើយ ក៏នឹកឃើញថា ខ្លួនឯងភ្លេចឲ្យឈឹងថាមិនមែនមកតែម្នាក់ឯង។ 

 " អូ! ប៉ារកគ្រូមកបង្រៀនកូនបានហើយណា៎ នេះនែ៎" ជេកសិន បង្ហាញពិសាលឲ្យនួងឃើញ។

(គ្រូបង្រៀនខ្ញុំ ជាបងប្រុសដាលីស)

ពេលដែលបានឃើញភ្លាម នារីស្ទើរតែភ្លឹកភ្លាំងទៅហើយ! មិននឹកស្មានថា ពួកគេបានជួបគ្នាម្តងទៀតសោះ។ នារីឧទាន «បងប្រុស!» ។ ហើយគេបែរទៅនិយាយនិងជេកសិនវិញ " ប៉ាឲ្យគាត់មកបង្រៀនខ្ញុំមែនទេ?"។ ជេកសិន យកដៃទៅអង្អែលក្បាលនួង ហើយតបទាំងវាចារទន់ភ្លន់ ៖ " ហើយមាននរណាទៀត? ពិសាល គឺជាកូនសិស្សផ្ទាល់របស់ប៉ាណា៎!"។ នួងបែរសម្លឹងទៅ ពិសាល ទាំងរអៀសខ្លួន។ ម៉េចក៏នៅសុខៗ ពិសាល កូនប្រុសលោកឧកញ្ញ៉ា បែរក្លាយទៅជាគ្រូក្រៅម៉ោងបង្រៀនគេទៅវិញ? ដូចជា ចៃដន្យពេកហើយ។​

នៅក្នុងម៉ោងរៀនដែលបានរៀបចំឡើងនៅក្នុងបន្ទប់របស់នួង មានក្តាខៀនពណ៌សមួយបញ្ឈរខ្ពស់ពីឥដ្ឋនោះ ពិសាល ដែលក្នុងនាមជាគ្រូបង្រៀនក៏ចាប់ផ្តើមសរសេរព្យញ្ជនៈឡើង។ នាងតូចប្រែទឹកមុខយ៉ាងចម្លែក ព្រោះមិនដឹងថាខ្លួនឯងពេលនេះកំពុងតែរៀនអ្វីនោះទេ។ នារីក៏សួរ៖ " បងប្រុស!" តែក៏នឹកឃើញពាក្យដែលជេកសិនប្រាប់នាងឲ្យហៅ ពិសាល ថា «លោកគ្រូ» មិនមែនបងប្រុសទេ ទើបនារីហៅសាជាថ្មី " លោកគ្រូ! តើពេលនេះ ខ្ញុំកំពុងតែរៀនអ្វីហ្នឹង?"។ បុរសបែរមកនាងតូចវិញ ហើយនិយាយ៖ " នួងនឹងត្រូវបានបង្រៀនភាសាអង់គ្លេស ព្រោះខ្ញុំចេះតែភាសាអង់គ្លេសទេ!"។ នាងតូចបែរមកវិញភ្លាម ហើយសួរបន្ត៖ " ហេតុអីទៅ? ហេតុអីមិនមែនជាភាសាខ្មែរ?"។ បុរសតប៖ " ព្រោះលោកគ្រូឲ្យខ្ញុំបង្រៀននួងជាភាសាអង់គ្លេស។ ម្យ៉ាង នួង ក៏ចេះភាសាខ្មែរច្រើនហើយ!"។ 

(អាហារពេលល្ងាចជុំគ្នា)

ក្រោយពេលដែលបង្រៀនចប់រយៈពេល២ម៉ោងហើយ ពិសាល ក៏ដល់ពេលល្មមនឹងចេញទៅផ្ទះវិញ។​ ប៉ុន្តែ ជេកសិន ក៏ឃាត់គេឲ្យនៅទទួលទានអាហារពេលល្ងាចជាមួយគ្នាសិន។ មិនថាយ៉ាងណា ឪពុកកូនរបស់គេមួយគូនេះ ពិតជាស្អិតរមួត ស្និទ្ធិស្នាលនិងគ្នាមែនទែន ជេកសិន បារម្ភនិងមើលថែទាំដល់នួងណាស់។ គេដួសម្ហូបឆ្ងាញ់ៗដាក់ចានរបស់នាង " នេះ! ញ៉ាំឲ្យច្រើនទៅណា៎ ឆាប់ធំ! នែក ចាំប៉ាដួសឲ្យ" ជេកសិន ដួសសម្លដាក់ចានរបស់នួង មានទាំងគ្រឿងសមុទ្រនិងសាច់ទៀតផង។ ពិសាល ឃើញបែបនេះក៏សួរទៅជេកសិន៖ " លោកគ្រូមិនខ្លាចគេពុលអាហារក្លាយរបួសទៀតទេ?"។ ជេកសិនតប៖ " លោកគ្រូពិនិត្យអស់ហើយ! ឲ្យនួងញ៉ាំតែអាហារណាដែលមិនប៉ះពាល់ដល់មុខរបួសគេប៉ុណ្ណោះ"។ ពិតមែនហើយ! ជាឌុកទ័ររាប់ឆ្នាំទៅហើយ គេប្រាកដជាដឹងអាហារណាដែលល្អដល់អ្នកជម្ងឺនិងមិនល្អដល់អ្នកជម្ងឺមិនតិចទេ។ 

ជេកសិន ដួសយកពងមាន់ខ្វៃ ហើយចាក់និងសមបញ្ចុកទៅនួង៖ " ញ៉ាំអានេះទៅ នួង! ឆ្ងាញ់ណាស់!"។ ឃើញកាយវិការបែបនេះ ពិសាល ញ៉ាំលែងចូលហើយ។ គេចាប់ផ្តើមមានអារម្មណ៍ថាធុញ ធុញនិងតថភាពដែលគេកំពុងឃើញ។ បុរសក្រលែកមើលទៅក្នុងចានខ្លួនដោយគ្មានអារម្មណ៍ ស្រាប់តែភ្លាមនោះពងមាន់ពណ៌លឿងទុំខ្ទីទន់ បានបញ្ចុកចូលទៅក្នុងមាត់របស់គេដែរ " ឯងក៏ត្រូវញ៉ាំដូចគ្នាណា៎ ឲ្យឆាប់ធំ" ជេកសិន បញ្ចុកពិសាល។ អារម្មណ៍ច្រណែនរបស់គេភ្លាមនោះស្រាប់តែរសាត់ចេញអស់។ ត្រឹមការយកចិត្តទុកដាក់បន្តិចពីគ្រូរបស់គេ ធ្វើឲ្យគេរំជួយចិត្តញញឹមបិទមាត់មិនជិត។ ហើយអាហារពេលល្ងាចលើកនោះ ក៏ក្លាយទៅជាពេលវេលាទទួលទានអាហារដ៏មានសេចក្តីសុខក្នុងចិត្ត។

(ត្រលប់មកផ្ទះដោយជិះឡានជាមួយលោកគ្រូ)

ក្រោយពីការញ៉ាំបាយហើយ ពិសាល ក៏ត្រូវទៅវិញដោយមាន ជេកសិន ជាអ្នកបើកឡានជូនគេទៅ។ នៅតាមផ្លូវ ជេកសិន ក៏និយាយទៅកាន់ពិសាល៖

ជេកសិន៖ " ពិសាល ឆ្នាំនេះឯងអាយុប៉ុន្មានហើយ?"

ពិសាល៖ " 21 ហើយលោកគ្រូ"

ជេកសិន៖ " 21 ។ ថ្ងៃក្រោយទៅគ្រូប្រហែលជាត្រូវពឹងឯងឲ្យជួយមើលថែកូនស្រីរបស់គ្រូហើយ។ បើគ្រូមិននៅ ជួយមើលៗថែនាងឲ្យគ្រូផង"

ពិសាល៖ " តើលោកគ្រូនឹងទៅណាមែនទេ?"

ជេកសិន សើច ហើយតប៖ " អត់ទេ! គ្រូមិនទៅណាទេ គ្រូគ្រាន់តែនិយាយទុកមុនតើ។ វាសនាមនុស្សយើងមើលមិនឃើញទេ «ជួបគ្នាជានិស្ស័យ នៅជាមួយគ្នាបានយូរប៉ុណ្ណា វាជាព្រហ្មលិខិត»"។

យានយន្តក៏បើកមកដល់មុខផ្ទះពិសាល។ នេះជាលើកទីមួយហើយ ដែលជេកសិនជូនពិសាលមកផ្ទះ។ គេក៏ភ្ញាក់ផ្អើលដូចគ្នា ពេលដែលឃើញផ្ទះរបស់ពិសាល ធំស្កឹមស្កៃ និងមានផ្ទៃក្រឡាយ៉ាងធំដូចជាសណ្ឋាគារទៅហើយ។ ភូមិគ្រឹស្ត សែម សុគន្ធ ពិតជាធំមែន តើនរណាមិនលាន់មាត់ទៅ? ជេកសិន សួរទៅពិសាលដោយការភ្ញាក់ផ្អើល៖ " នេះជាផ្ទះរបស់​ឯងមែនទេ ពិសាល?"។ «បាទ» ពិសាលឆ្លើយតប។ ជេកសិន បែរទៅនិយាយជាមួយពិសាលវិញទាំងសម្លេងភ្ធាក់ផ្អើល៖ " ផ្ទះរបស់ឯងធំដូចជាវាំងអញ្ចឹងនៀក៎ ប្រាកដជាធ្វើអស់លុយមិនតិចទេ! តើមានមនុស្សប៉ុន្មាននាក់ស្នាក់នៅក្នុងនោះ?"។ ពិសាល៖ " មិនលើសពីដប់នាក់ទេលោកគ្រូ! ព្រោះពេលខ្លះ លោកប៉ាអ្នកប៉ាក់គាត់ចេញទៅក្រៅប្រទេស។ ចំណែកឯអ្នកបម្រើ និងអ្នកមើលថែផ្ទះក៏មិនសូវច្រើនដែរ"។ ជេកសិន​ សម្លឹងមើលទៅពិសាល ហើយញញឹម។ គេមិនសូវដឹងប៉ុន្មានទេថា​វាមានអត្ថន័យយ៉ាងម៉េច? ប៉ុន្តែ ពិសាល វិញ គេរវល់តែមើលមុខគ្រូរបស់គេញញឹមដាក់គេ ភ្លេចគិតទៅថាដល់ផ្ទះខ្លួនទៅហើយ។ ស្នាមញញឹមរបស់ជេកសិនស្រស់បំព្រងធ្វើឲ្យមនុស្សជុំវិញខ្លួនឈ្លក់វង្វេងអស់ហើយ។ កែវភ្នែករបស់នរៈនៅតែសម្លឹងមិនដាក់ទៅកាន់វង់ភក្ត្រ័ដ៏ស្រស់ផូផង់មួយនោះ ក្នុងចិត្តរបស់គេនៅតែទន្ទេញ ហេតុអីក៏លោកគ្រូស្អាតម្ល៉េះ? ស្នាមញញឹមក៏រំលេចឡើងនៅលើថ្ពាល់របស់កម្លោះកូនអ្នកមានរូបសង្ហារម្នាក់នេះ។ តែវាមិនមែនអ្វីដែល ជេកសិន កំពុងគិតឡើយ។ គេកំពុងគិតថា ហេតុអីបានជាពិសាលមិនព្រមចុះពីលើឡានសោះអញ្ចឹង? ខណៈពេលដែលមានអារម្មណ៍ថាចម្លែកនេះ អូសបន្លាយយ៉ាងយូរ។ កម្លោះវ័យ21ម្នាក់នេះ ក៏នៅតែមិនទាន់ចុះពីលើឡាន តើគេកំពុងគិតអីហ្នឹង? ពេលនេះជាពេលដែលជេកសិនត្រូវធ្វើសកម្មភាពមុនទៀតហើយមែនទេ? ហេតុអីពិសាលជាមនុស្សតាមស្អិតបេះមិនចេញបែបនេះ? លោកប្រុសតូចសែម ពិសាលអើយ! យល់អារម្មណ៍ខ្ញុំផង។ ជេកសិន ក៏ឈោងទៅរកពិសាលជាលើកទីពីរ ពិសាល គិតថា គេប្រហែលជាមកដោះខ្សែក្រវ៉ាត់ឲ្យខ្លួនទៀតហើយ។ នោះនាយក៏ប្រញ៉ាប់និយាយ៖ " លោកគ្រូមិនបាច់ទេ! ខ្ញុំអាចដោះវាដោយខ្លួនឯងបាន"។ ជេកសិន ក៏បែរសម្លឹងទៅមុខពិសាលទាំងឆ្ងល់ មុខរបស់ពួកគេស្ទើរតែប៉ះគ្នាទៅហើយ។ មុខដ៏ស្រស់ស្អាតរបស់ជេកសិន ប៉ះជាមួយនិងមុខដ៏គួរឲ្យស្រលាញ់បែបអាស៊ីរបស់ពិសាល ធ្វើឲ្យពួកគេមានអារម្មណ៍ថា ចម្លែក។ ជេកសិន ក៏និយាយ៖ " គ្រូបើកទ្វារឡាន ព្រោះឯងមកដល់ផ្ទះហើយ!"។ ថ្ពាល់របស់ពិសាលប្រែពណ៌ក្រហមទុំពេលដឹងថាខ្លួនយល់ខុសទៀតហើយ។ នាយក៏ឱនមុខចុះ អរគុណជេកសិនដែលជូនគេមក ហើយចុះទៅ។ ស្រាប់តែបានមួយភ្លែត ជេកសិន ក៏ចុះមកដែរ។ " ពិសាល ឈប់សិន! ហេតុអីបានជាឯងធ្វើខ្លួនចម្លែកម្ល៉េះមួយរយៈនេះ?" ជេកសិន និយាយទៅ​ ពិសាល។ ពាក្យនេះរឹតតែធ្វើឲ្យពិសាលចម្លែកក្នុងចិត្តឆ្លើយមិនរួចថែមទៀតហើយ តើគេចម្លែករឿងអីទៅ? ជេកសិន ក៏ហុចទូរសព័្ទឲ្យពិសាល រួចនិយាយ៖ " ឯងមិនដែលភ្លេចភ្លាំងច្រើនបែបនេះទេកាលពីមុន ឯងហ្មតចត់ណាស់។ នេះ ទូរសព្ទ័ឯង!"។ ពិសាលទទួលយកទាំងអោនលំទោន។ " គ្រូទៅវិញហើយ!" ថាហើយ ជេកសិន ក៏ឡើងឡានចេញទៅ។

Anastasia (ជួបគ្នាជាមួយមិត្តចាស់)

នៅពេលដែលជេកសិនបើកឡានត្រលប់មកវិញ ទូរស័ព្ទគេស្រាប់តែរបស់គេរោទិ៍ឡើង ដោយមានលេខដែលមិនស្គាល់មួយតេមក។ បុរសមានការចម្លែកក្នុងចិត្ត ប៉ុន្តែគេក៏សម្រេចចិត្តលើកលេខនោះដដែល។ លេខដែលខលមក បានហៅគេឲ្យទៅជួបនៅកន្លែងមួយ។ ជេកសិន ដឹងច្បាស់ណាស់ថាគេគឺជាអ្នកណា នរៈក៏សម្រេចទៅជួបនិងគេតាមការណាត់។ នៅទីធ្លាមណ្ឌលកម្សាន្តមួយដ៏ស្ងាត់ មិនមាននរណាម្នាក់នៅឡើយ មានតែមនុស្សស្រីម្នាក់ស្លៀកពាក់អាវធំវែងពណ៌ខ្មៅ និងមានពាក់មួកបាំងពាក់កណ្តាលមុខរបស់នាង។ នាងកាន់ឆ័ត្រមួយពណ៌ខ្មៅច្រត់និងដី។ គ្រាន់តែជេកសិនមកដល់ភ្លាម នាងក៏បានទទួលអារម្មណ៍ដឹងមុនទៅហើយ។ នារីក៏សួរទៅកាន់ជេកសិន៖ " ខាងជួបគ្នាយូរហើយ!"។ ជេកសិន ឆ្លើយតបទៅវិញទាំងគំរោះគំរើយ៖ " តើនាងរកខ្ញុំឃើញដោយរបៀបណា? ហើយហេតុអីបានជានាងមកទីនេះ?"។ នារី៖ " ពួកយើងត្រូវការឲ្យលោកត្រលប់ទៅវិញ" នារីបែរមុខមករក ជេកសិន ។ ស្បែករបស់នាងសស្លេក បបូរមាត់លាបពណ៌ក្រហម ចិញ្ចើមកោងក្រាស់ កែវភ្នែកធំៗ ច្រមុះស្រួចតូចស្មើរ ប៉ុន្តែទឹកមុខរបស់នាងស្មើធេងគ្មានបង្ហាញអារម្មណ៍អ្វីទាំងអស់។ នារីនិយាយទៅបុរសក្នុងសម្លេងមួយៗនិងច្បាស់៖ " អង្គការត្រូវការឲ្យលោកទៅវិញ លោកដឹងហើយបើសិនជាលោកប្រកែក ថានឹងមានរឿងអ្វីកើតឡើងខ្លះ"។ ជេកសិន គិតបន្តិច គេដកដង្ហើមធំហើយបែរទៅនិយាយជាមួយនារីវិញ៖ " អាណាតាសៀ ខ្ញុំមិនត្រលប់ទៅវិញនោះទេ! ខ្ញុំមិនចង់ធ្វើជាសត្វចិញ្ចឹមរបស់អង្គការទៀតទេ!"។ នារីតបដោយមិនរង្គើអារម្មណ៍៖ " លោកគ្មានជម្រើសទេ"។ ដោយអត្តចរិតដ៏សោះអង្គើយរបស់នាង នាងបែរខ្លួនដើរចេញទៅ ប៉ុន្តែបុរសក៏ស្រែកមកឃាត់៖ " អាណាតាសៀ! ឈប់សិន។" នារីនៅតែមិនបែរត្រលប់មកវិញតែនាងនៅស្ងៀមត្រង់ត្រចៀកស្តាប់។ ជេកសិន បន្ត៖ " តើមានវិធីអីអាចឲ្យខ្ញុំគេចបានទេ?"។ នារីតបដោយសម្លេងស្មើរ៖ " បើពួកគេចង់បានអ្វី ពួកគេនឹងយកឲ្យបាន។ លោកអាចគេចបាន តែលោកមិនគេចអស់ពេញមួយជីវិតនោះទេ។ បើលោកធ្វើបែបនេះ អ្នកដែលនៅជុំវិញខ្លួនរបស់លោកនឹងពិបាក។ ខ្ញុំជឿថា លោកមិនចង់ឲ្យវាក្លាយជាបែបនេះទេ មែនទេ?"។ ជេកសិន គ្រវីក្បាល គេមិនអាចឲ្យរឿងអាក្រក់បែបនោះកើតឡើងទៅលើមនុស្សនៅក្បែរខ្លួនគេនោះទេ ជាពិសេសកូនស្រីរបស់គេ។​​ ជេកសិន " សៀ នាងជាមនុស្សដែលនៅជិតឌុកទ័រ Klein ជាងគេ។ តើមានវិធីណាឲ្យយើងរួចផុតពីការគ្រប់គ្រងរបស់អង្គការបានទេ?"។ នារីនៅស្ងៀម ឈរយ៉ាងស្ងប់ស្ងាត់អស់មួយសន្ទុះ រួចទើបនិយាយ៖ " មាន ប៉ុន្តែលោកនឹងត្រូវពិបាកបន្តិចហើយ"។ អ្នកទាំងពីរក៏នៅបន្តពិភាក្សាគ្នាពីកិច្ចការជាច្រើនអស់ជាច្រើនម៉ោងទម្រាំតែចប់។

(ប៉ាមកវិញហើយ)ពេលដែលជេកសិនត្រលប់មកផ្ទះវិញ វាយប់ជ្រៅណាស់ទៅហើយ។ បុរសដើរចូលមក គេឃើញក្មេងស្រីនួងកំពុងគេងលក់នៅបន្ទប់ទទួលភ្ញៀវរង់ចាំគេត្រលប់មកវិញ។ បុរសដើរទៅមើលនាងតូច នាងកំពុងតែដេកឱបជង្គង់នៅលើសាឡុង។ ក្មេងស្រីដ៏គួរឲ្យស្រលាញ់ ហើយក៏គួរឲ្យអាណិតម្នាក់នេះ មានអត្តចរិតឆ្ងល់ច្រើនដូចជាឆ្មា តែស្មោះត្រង់ចំពោះម្ចាស់ដូចជាឆ្កែទៅវិញ។ នាងជឿទៅលើ ជេកសិន អស់ពីចិត្តរបស់នាង។ ជឿលើគ្រប់ពាក្យសន្យារបស់គេ ហើយរង់ចាំគេមិនថាយូរប៉ុណ្ណា នាងក៏នៅតែរង់ចាំ។ បុរសយកដៃអង្អែលក្បាលរបស់នាងដោយសេចក្តីអាណិតអាសូរ។ ទឹកភ្លែករបស់សុភាពបុរសក៏ស្រក់មក ជាមួយនិងពាក្យពេចន៍ចេញពីចិត្ត៖ " ឲ្យប៉ាសុំទោសណា នួង! ដែលប៉ាមិនអាចនៅក្បែរឯងបាន។ សុំទោសដែលប៉ាក្បត់ពាក្យសន្យាជាមួយឯង" បុរសឱនក្បាលទៅថើបលើ ថ្ងាសរបស់នាងតូច ស្រាប់តែពេលនោះស្ត្រីអ្នកបម្រើក៏ដើរមកឃើញ។ តែនាងក៏រត់ទៅពួននៅក្បែរជញ្ជាំងនោះ ចាំលបមើលសកម្មភាពរបស់ម្ចាស់ផ្ទះទាំងសង្ស័យ ហេតុអីឪពុកនិងកូនថើបគ្នាបែបនេះ? ចំណែកឯងជេកសិន គេមិនបានដឹងឡើយថាមានអ្នកចាំតាមដានសកម្មភាពរបស់ខ្លួន។ ជេកសិន លើកបីនួងឡើង ហើយនាំនាងចូលទៅក្នុងបន្ទប់គេង។​ ចំណែកឯស្ត្រីមេផ្ទះដែលចាំលបមើលឯណេះវិញ បើកមាត់ចំហរធំៗភ្ញាក់ផ្អើល ដែលគិតថាទំនាក់ទំនងរវាងឪពុកកូនទាំងពីរនេះមិនមែនធម្មតាឡើយ។

More Chapters