WebNovels

Chapter 3 - តើខុសហើយ មិនអាចលើកលែងទេមែនទេ?

(ក្មេងស្រីម្នាក់)

ក្រោយពីបានចូលដល់តំបន់ដែលបានឲ្យតម្រុយថាជាកន្លែងលាក់ខ្លួនរបស់ឧក្រិដ្ឋជនហើយ ប៉ូលីសក៏បានរៀបចំក្បួនដើម្បីស្ទាក់ចាប់ពួកចោរទាំងនោះ។ នៅអាគារខ្ពស់មួយនេះ មានកន្លែងចតឡាននៅជាន់ក្រោមដី ដូច្នេះហើយនេះជាកន្លែងមួយដែលអាចស្ទាក់ចាប់ពួកគេយ៉ាងសំខាន់មួយ។ ខណៈពេលដែលប៉ូលីសកំពុងរៀបយុទ្ធសាស្ត្រ នាងតូចនួងក៏មិនបង្អស់យូរនាំខាតពេលច្រើន នាងក៏រត់ចូលទៅខាងក្នុងម្នាក់ឯងកាត់មុខប៉ូលីសជាច្រើន «អ្នកណានាំក្មេងមកអញ្ចឹង! ចាប់វាមកវិញ! ចំណាត់ខ្មាំងនៅខាងក្នុង» កងប៉ូលីសនាំគ្នាស្រែកទៅនួងដែលកំពុងរត់ចូលទៅមិនខ្លាចអ្វីសោះ។ ក្មេងស្រីដែលគ្មានអាណាព្យាបាលប្រដៅ កំពុងនឹងធ្វើឲ្យខូចផែនការរបស់ប៉ូលីសអស់ហើយ! ពិសិដ្ឋឃើញដូចនោះ ក៏មានតែរត់ទៅតាមចាប់នាងមកវិញ។ នាងតូចរត់ទៅកន្លែងចតឡាន ហើយពិសិដ្ឋក៏តាមមកទាន់ចាប់ឱបនាងពីក្រោយហើយខ្ទប់មាត់នាងជាប់៖ «ចង់ស្លាប់ណាស់មែនទេ?»។ បុរសឮសម្លេងសម្រឹបជើងមនុស្សរត់ចេញមកពីជណ្តើរជើងខាងមុខ គេក៏ទាញនាងចូលទៅលាក់ខ្លួនក្បែរសរសរដែលដាំនៅជាជួរៗនោះ។ នាងតូចនួងស្ថិតនៅក្នុងដៃបុរស ហើយត្រូវខ្ទប់មាត់ជាប់ថែមទៀត ធ្វើឲ្យនាងនៅមិនសុខឡើយ ក៏ព្យាយាមបញ្ចេញសម្លេងឲ្យបុរសដកដៃចេញពីនាងទៅ។ តែនៅតែមិនបានផល នាងក៏ប្តូរមកខាំដៃបុរសវិញ។ ពិសិដ្ឋ ឈឺពេកក៏ដកដៃចេញ។ នួងកាន់ដៃបុរសជាប់កុំឲ្យខ្ទប់មាត់នាង ហើយលបមើលសម្លេងសម្រឹបជើងដែលកំពុងរត់មកនោះ។ ពេលដែលបានដឹងថានេះជាអ្នកណាហើយ នាងតូចនួងក៏ប្រញាប់រលាស់ខ្លួនចេញពីបុរសហើយរត់សម្តៅទៅម្ចាស់សម្រឹបជើង។ ដាលីស រត់ចេញមកសស្រាក់សស្រាន់ នាងកំពុងរត់គេចចេញមកពីពួកដែលចាប់ជម្រិតនាង។ ឯនួងរត់តម្រង់ទៅដាលីស ក្នុងគោលបំណងនាំនាងរត់គេចទៅរកកន្លែងដែលមានសុវត្ថិភាព។ ក៏ប៉ុន្តែស្រាប់តែលេចមុខមនុស្សម្នាក់ទៀតចេញមក កាន់កាំភ្លើងតម្រង់មកកាន់ដាលីស។ នោះមិនមែនជានាយម៉ាទេ តែជាមនុស្សស្រីទៅវិញ គឺមនុស្សស្រីដែលនួងស្គាល់ សម្ផស្ស ។ នាងតូចនួងរត់ទៅចាំចាប់ត្រង ដាលីស ដែលនាងរត់សម្តៅមកហាក់កំពុងសុំរកជំនួយ។ នួង ចាប់បានខ្លួនដាលីសហើយ ស្របពេលដែលសម្លេងកាំភ្លើងលាន់សូរចេញមកយ៉ាងខ្លាំង ...ផឹង... នារីក៏បង្វែរខ្លួនទៅពីក្រោយដាលីសវិញ។ ចំណែកឯនាងតូចដាលីសបេះដូងលោតញាប់រន្ថាន់មានញើសបែកហូរមកសស្រាក់ នាងសម្លឹងមើលទៅក្មេងស្រីដែលមានអាយុស្របាក់ស្របាលនឹងនាង ឈរនៅពីមុខនាងសម្លឹងមើលមកនាងទាំងទឹកមុខព្រួយអំពល់។ សម្លឹងរំលងបន្តិចក៏ឃើញថា នាងម៉ា កំពុងដណ្តើមកាំភ្លើងចេញពីសម្ផស្សបានសម្រេចហើយ។ អស់អីហើយ! ដាលីស សប្បាយចិត្តមួយភាំង ប៉ុន្តែភ្លេចទៅថា ស្នូរកាំភ្លើងអម្បាញ់មិញវាហោះត្រូវអ្វីទៅហើយ។ ពិសិដ្ឋ រត់មករកអ្នកទាំងពីរ ស្របពេលដែលនួងទប់ជំហរលែងបាន​ក៏ដូលចូលទៅក្នុងរង្វង់ដៃពិសិដ្ឋ។ ឈាមក៏ហូរចេញមកប្រឡាក់ជោកនឹងដៃរបស់បុរស។ ក្មេងស្រីដែលនៅក្នុងដៃគេពេលនេះ គឺនៅតែមុខឌឺ ក្បាលរឹង និងមិនញឹនណយឡើយ។ នាងញញឹមដាក់គេ ហាក់ដូចជាប្រាប់ថា​ «ឃើញទេ? ខ្ញុំប្រាប់លោករួចហើយ»។ នារីតូចក៏រេរភ្នែកសម្លឹងទៅឯ ដាលីស ម្តង ហើយនិយាយតិចៗថា «សុំទោស!» មុនពេលដែលនាងបាត់បង់ស្មារតីទៅ។ ពិសិដ្ឋ លើកបីនួងឡើងទាំងដៃនិងខ្លួនប្រឡាក់សុទ្ធតែឈាម។ ក្មេងស្រីម្នាក់នេះពិតជាធ្វើអ្វីដែលនាងបាននិយាយពិតមែន បើទោះបីជាវាហាក់ដូចជាការនិយាយលេង នាងក៏បានរងគ្រាប់ជំនួសប្អូនស្រីរបស់គេដោយមិនរារែក។ ការសម្រេចចិត្តរបស់នាង ដូចជាកាំបិតដ៏មុតមួយកាត់វត្ថុដាច់ប៉ិតៗ គ្មានអាឡោះអាល័យ តើអត្តចរិតបែបនេះទៅថ្ងៃមុខទៅនាងនឹងជួបរឿងអ្វីកើតឡើងទៅ?

(អ្នកជម្ងឺ)

ប៉ូលីសក៏បានចាប់បានជនល្មើស ឯចំណែកឯនួងវិញ នាងត្រូវបានជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ នៅក្នុងបន្ទប់MCU ដាលីស អង្គុយភ័យភិតជាមួយនឹងបងប្រុសខ្លួន រង់ចាំស្តាប់ដំណឹងពីអ្នកជម្ងឺនៅខាងក្នុង។ តើនេះជាអ្វីឲ្យបា្រកដទៅ? ជនល្មើសដឹងខ្លួនខុស ហើយត្រលប់មកជួយជនរងគ្រោះវិញមែនទេ? ដាលីស សួរទៅបងប្រុសដែលអង្គុយជិត៖ «បងធំ តើគេកើតអីដែរទេ?»។ ពិសិដ្ឋអង្អែលក្បាលប្អូនទាំងដៃប្រឡាក់ដោយស្នាមឈាមដែលលាងមិនជ្រះអស់ ហើយនិយាយលួងទៅប្អូនវិញថា៖ «នាងនឹងមិនអីទេ! កុំបារម្ភអី»។ ផ្ទុយទៅវិញ​ នួងគឺជាក្មេងនៅក្នុងមណ្ឌលកុមារកំព្រា តែបែរជាគ្មាននរណាមកមើលនាងសោះ ក្រោយពេលដែលនាងត្រូវបានដេញចេញពីមណ្ឌលរួចហើយ។ គ្មានស្រមោលនរណាដែលស្គាល់នាងឈានជើងមកកាន់មន្ទីរពេទ្យទាល់តែសោះ សូម្បីតែអ្នកគ្រូដែលបានចិញ្ចឹមនាងដោយផ្ទាល់ដៃតាំងពីក្មេង ក៏មិនមកមើលសុខទុក្ខនាងយ៉ាងណាដែរ។ នរៈដកដង្ហើមធំយ៉ាងធុញថប់ ហើយសម្លឹងមើលទៅទ្វារបន្ទប់ពាក់កណ្តាលកញ្ចក់ខាងលើដែលបានបិតស្កុតព្រាលៗជិតមិនអាចមើលឃើញធ្លុះទៅខាងក្នុងបាន ឃើញតែស្រមោលព្រាលៗគ្រូពេទ្យកំពុងវះកាត់ និងភ្លើងអំពូលដែលបញ្ចាំងប៉ុណ្ណោះ។

(វេជ្ជបណ្ឌិត វ័ងជេកសិន)

ចាំអស់រយៈពេលប៉ុន្មានម៉ោង គ្រូពេទ្យក៏ដើរចេញមក បុរសនិងដាលីសក្រោកឡើងជាប្រញាប់ដើម្បីសួរនាំពីអាការៈអ្នកជម្ងឺ៖ " លោកគ្រូពេទ្យ! អ្នកជម្ងឺយ៉ាងម៉េចទៅហើយ?"។ គ្រូពេទ្យគ្រវីក្បាល ធ្វើឲ្យអ្នកទាំងពីរតក់ស្លុតជាខ្លាំង ហើយក៏និយាយ៖ " សោកស្តាយផង! អ្នកជម្ងឺមិនទាន់ស្លាប់ទេ" រួចគេគ៏ញញឹមវិញលេងសើចជាមួយនិងអ្នករង់ចាំទាំងពីរនាក់នេះ។ នេះគឺជាការកំប្លែងមួយដ៏តក់ស្លុតនិងពិតប្រាកដ។ បន្តិចមកគ្រូពេទ្យម្នាក់ទៀតក៏ចេញមក នោះគឺជាពិសាល បងប្រុសរបស់ដាលីស។ ពិសាលដោះម៉ាសចេញ លោកគ្រូពេទ្យអម្បាញ់មិញក៏ស្រដីហើយយកដៃទៅកាន់ស្មាបុរស៖ " ថ្ងៃនេះឯងធ្វើបានល្អណាស់ពិសាល"។ ពិសាលតប៖ " បាទ អរគុណលោកគ្រូ។ គ្រប់យ៉ាងសុទ្ធតែជាការបង្រៀនរបស់លោកគ្រូទាំងអស់។ សិស្សម្នាក់នេះនឹងខំឲ្យអស់ពីសមត្ថភាព"។ លោកវេជ្ជបណ្ឌិតសើច ទោះបីមិនបានដោះម៉ាសចេញពីមុខ តែគ្រប់គ្នាអាចឃើញថា បុរសម្នាក់នេះទាំងរូបរាងនិងភិនភាគមុខមាត់ គឺនៅក្មេងនិងមិនសូវចាស់ប៉ុន្មានទេ! តើគេធ្វើម៉េចអាចក្លាយជាវេជ្ជបណ្ឌិតផ្នែកវះកាត់ដ៏ជំនាញម្នាក់បានទៅ? តើគេអាយុប៉ុន្មាន? សម្លេងសើចរបស់គេលះមិនបង្អុរឡើយ គ្រប់គ្នាសុទ្ធតែអាចឮយ៉ាងច្បាស់ថាឌុកទ័រម្នាក់នេះកំពុងសើចយ៉ាងមានអំណាច ហាក់ដូចជាមន្ទីរពេទ្យនេះជារបស់គេអញ្ចឹង។ បុរសដកដៃចេញហើយគ្រវីក្បាល រួចស្រដីទៅពិសិដ្ឋនិងដាលីសវិញ៖ " ក្រោយពីការវះកាត់ចប់ហើយ ប៉ុន្មានម៉ោងក្រោយ អ្នកទាំងពីរអាចទៅមើលអ្នកជម្ងឺបានហើយ។ អូ! ប៉ុន្តែកុំធ្វើឲ្យគេភ្ញាក់អី" បុរសញញឹម " ខ្លាចរបូ​តអុកស៊ីសែន! ហាហាហា"។ លោកវេជ្ជបណ្ឌិតក៏ដើរចេញទៅទាំងសើចអស់សំណើចនិងកំប្លែងខ្លួនឯង។ ឯពិសាលក៏ដើរទៅជាមួយដែរ ដើម្បីសម្អាតខ្លួនចេញពីឈាម។ វេជ្ជបណ្ឌិតរូបសង្ហារ ទៅដល់បន្ទប់ផ្លាស់សម្លៀកបំពាក់ និងសម្អាត គេក៏ដើរតម្រង់ទៅបន្ទប់ទឹកមុនគេ។ នៅទល់មុខកញ្ចក់បុរសដោះម៉ាសចេញ សម្លឹងទៅមុខកញ្ចក់ ផ្ទៃមុខដ៏ស្រស់សង្ហាររបស់គេ ជាមួយនិងកែវភ្នែកដ៏រ៉ូមែនទិក ច្រមុះខ្ទង់ត្រង់ទៅមុខ និងបបូរមាត់ពណ៌ស៊ីជម្ពូរតូចស្តើងសក្តិសមឥតខ្ចោះជាមួយនិងស្បែកពណ៌សដូចporcelainរបស់គេ។ វេជ្ជបណ្ឌិតមា្នក់នេះ គឺជាជនជាតិចិន និងជាវេជ្ជបណ្ឌិតដ៏មានថ្វីដៃស្គាល់ពេញមន្ទីរពេទ្យដែលនរណាក៏គោរពកោតខ្លាចគាត់ដែរ។ ក្លិនឈាមដែលប្រលាក់នៅសម្លៀកបំពាក់ និងស្រោមដៃរបស់គេ មានក្លិនឆ្អាបឆួល តែបុរសបែរជាស្រូបយកយ៉ាងសប្បាយចិត្ត។ នៅក្នុងមន្ទីរពេទ្យរាប់សិបឆ្នាំ នៅជាមួយក្លិនឆ្អាបទាំងនេះ ធ្វើឲ្យគេបែរជាចូលចិត្តវាទៅវិញ។ " លោកគ្រូ!" ពិសាលដើរចូលមកពីក្រោយ​ ធ្វើឲ្យបុរសក្រឡេកទៅ។ " លោកគ្រូ! លោកគ្រូដើរមកលឿនម្ល៉េះ ខ្ញុំតាមស្ទើរតែមិនទាន់!" នរៈញញឹមពព្រាយទៅបុរសហើយដើរទៅលាងដៃនៅជិតនោះ។ មើលទៅក្នុងកញ្ចក់បញ្ជាក់ឲ្យឃើញថា ពីរនាក់គ្រូនឹងសិស្សនេះបើមើលពីសម្បកក្រៅទៅគឺវ័យប្រហាក់ប្រហែលគ្នា និងសង្ហារមិនចាញ់គ្នាប៉ុន្មានទេ។​ វ័ង ជេកសិន លោកវេជ្ជបណ្ឌិតរូបសង្ហារ​ ក្នុងវ័យ៤០ឆ្នាំផ្លាយ តែរូបរាងនិងមុខមាត់គឺស្មើរនឹងមនុស្សអាយុ២០ឆ្នាំជាងតែប៉ុណ្ណោះ។

(ពីរនាក់បងប្អូន)

បន្ទាប់ពីការវះកាត់បានប៉ុន្មានម៉ោងក្រោយមក ពិសិដ្ឋ​និងដាលីសក៏ចូលទៅមើលនួងដែលកំពុងដេកដាក់ខ្យល់ឧកស៊ីសែន។ នាងតូចមុខស្លេកស្លាំង ដេកបិទភ្នែក នៅស្ងៀម ដូចមិនច្រឡឺមដូចពេលនៅជាឡើយ។ 

ដាលីស សួរទៅពិសិដ្ឋ៖ " បងប្រុស! តើនាងគ្មានសាច់ញាតិទេ? បានជាគ្មាននរណាមកមើលនាងសោះអញ្ចឹង?"

ពិសិដ្ឋ៖ " នាងជាក្មេងកំព្រា"

ដាលីស៖ " ក្មេងកំព្រា?!!" ភ្ញាក់ផ្អើល។

ពិសិដ្ឋ៖ " ពិតមែនហើយ! "

ដាលីស៖ " ចុះបើនាងជាក្មេងកំព្រា តើនាងចាំបាច់ចូលដៃជាមួយពួកនោះធ្វើអី?"

ពិសិដ្ឋ៖ " មានក្មេងម្នាក់ដែលនៅជាមួយនាងធ្លាក់ខ្លួនឈឺ ហើយខាងមណ្ឌលគ្មានលទ្ធភាពព្យាបាលក្មេងនោះ។ ទើបនាងតូចម្នាក់នេះសម្រេចចិត្តរកលុយដោយខ្លួនឯង។ នរណាទៅដឹងថានាងនឹកឃើញវិធីឆ្កួតៗបែបនេះ? " បុរសសម្លឹងមើលដាលីសហើយដកដង្ហើមធំ៕

﹏♥ « « « ❀ » » » ✿ « « « §❀§ » » » ✿ « « « ❀ » » » ♥﹏

More Chapters